Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រជាជនហុងកុងមួយចំនួនឆ្អែតឆ្អន់នឹងបាតុកម្ម ព្រមទាំងចាត់ទុកក្រុមបាតុករទាំងនោះថា កំពុងត្រូវគេប្រើប្រាស់ (Video inside)

12-08-2019 15:46

(ហុងកុង)៖ ខណៈក្រុមបាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យ នៅទីក្រុងហុងកុងបានអះអាងថា ពួកគេមានការគាំទ្រធំធេងពីសំណាក់ប្រជាជនដែលរស់នៅក្នុងទីក្រុង សហគមន៍មួយចំនួនហាក់ដូចជាឆ្អែតឆ្អន់ចំពោះសកម្មភាពតវ៉ាទាំងនេះ និងយល់ឃើញថា បាតុករទាំងនោះប្រៀបដូចជាកំពុងត្រូវគេប្រើប្រាស់យ៉ាងដូច្នោះ។ នេះបើតាមការដកស្រង់ការផ្សាយចេញ ពីសារព័ត៌មានសិង្ហបុរី CNA នៅរសៀលថ្ងៃចន្ទ ទី១២ ខែសីហា ឆ្នាំ២០១៩។

អ្នករស់នៅក្នុងសហគមន៍ខ្លះនៃទីក្រុងហុងកុងរួមមានតំបន់ វ៉ុងតៃស៊ិន (Wong Tai Sin) បានលើកឡើងថា មកទល់ពេលនេះក្រុមបាតុករទាំងនោះប្រហែលជាមិនដឹងថា ពួកគេកំពុងធ្វើអ្វីឲ្យប្រាកដឡើយ គឺហាក់កំពុងស្ថិតក្រោមការប្រើប្រាស់របស់អ្នកដទៃដោយ ពុំដឹងខ្លួន។ មតិមួយចំនួនទៀតបានចាត់ទុកថា «ការបង្កហិង្សារបស់បាតុករ គឺជាជាទង្វើអសណ្តាប់ធ្នាប់ និងគ្រោះថ្នាក់ជាខ្លាំង ហើយចង់ឲ្យអាជ្ញាធរហុងកុង បង្កើនការបង្រ្កាបឲ្យធ្ងន់ដៃជាងមុន ព្រោះបាតុករទាំងនោះអាងតែគេបន្ធូរដៃគឺកាន់តែបានចិត្ត»

គួរជម្រាបថា ខណៈនេះពុំមានការស្ទង់មិតណាមួយ ដែលបញ្ជាក់ពីទំហំគាំទ្រនៃចលនាបន្តធ្វើបាតុកម្ម នៅទីក្រុងហុងកុងឡើយ ប៉ុន្តែចាប់តាំងតែពីខែមិថុនាមក អ្នកតវ៉ានៅតែមានចំនួនផុសផុលដដែលរហូតដល់ខែសីហានេះ។ ពីដំបូងឡើយចលនាបាតុកម្មនេះ មានគោលដៅត្រឹមប្រឆាំងច្បាប់ធ្វើបត្យាប័នជនសង្ស័យ ឲ្យអាជ្ញាធរចិនដីគោកប៉ុណ្ណោះ ប៉ុន្តែមកទល់ពេលនេះគឺវាបានប្រែក្លាយជាការតវ៉ា ប្រឆាំងនឹងរដ្ឋាភិបាលទីក្រុងហុងកុងតែម្តង និងទាមទារឲ្យអភិបាលក្រុងស្វយ័តចិនមួយនេះ ចុះចេញពីតំណែងឲ្យខាងតែបាន៕