(អាតែន)៖ ភ្លើងឆេះព្រៃដ៏ធំសម្បើមមួយកំពុងកើតឡើងនៅក្បែរទីក្រុង ផៃអានៀ (Paiania) ស្ថិតនៅភាគខាងកើតនៃជាយរដ្ឋធានីអាតែន នៅវេលាម៉ោង ៣៖១៨នាទីទៀបភ្លឺថ្ងៃចន្ទ (ម៉ោងនៅទីក្រុងអាតែន) ដោយបង្ខំឱ្យអាជ្ញាធរក្រិកចាប់ជម្លៀសប្រជាជនទៅកាន់កន្លែងមានសុវត្ថិភាព។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃចន្ទ ទី១២ ខែសីហា ឆ្នាំ២០១៩។
នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន អគ្គលេខាធិការដ្ឋានទទួលបន្ទុកកិច្ចការពារស៊ីវិលក្រិក បានបញ្ជាក់ថា ក្រុមពន្លត់អគ្គិសនីចំនួន ១៣៣នាក់ និងយានយន្ដពន្លត់អគ្គីភ័យ ៤២គ្រឿងត្រូវបានបញ្ជូនទៅកាន់តំបន់កំពុងរងការគំរាមកំហែង ដោយសារភ្លើងឆេះព្រៃហើយ ដើម្បីពន្លត់ និងទប់ស្កាត់កុំឱ្យអណ្ដាតភ្លើងរីករាលដាលទៅកាន់តំបន់ក្បែរខាង។
គួរជម្រាបថា កាលពីថ្ងៃសៅរ៍អាជ្ញាធរក្រិកបានប្រកាសអាសន្ន នៃភ្លៀងធ្លាក់ដល់កម្រិតពណ៌ក្រហម ដោយសារតែរលកកម្ដៅកើនដល់ ៤០អង្សាសេ ជាមួយខ្យល់បក់ខ្លាំង។ ប៉ុន្តែទោះបីជាមានការវិធានការបង្ការក៏ដោយ ក៏ភ្លើងឆេះព្រៃ ៥៩កន្លែងនៅកើតឡើងដដែលកាលពីថ្ងៃសៅរ៍ និង ៦៣កន្លែងបន្ថែមទៀតកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅ។
ភ្លើងឆេះព្រៃកាលពីខែកក្កដា ឆ្នាំ២០១៨ នៅឯភូមិម៉ាទី (Mati) ក្បែរដ្ឋធានីអាតែន ប្រទេសក្រិកបានផ្ដាច់ជីវិតមនុស្ស ១០០នាក់។ ក្រៅពីប្រទេសក្រិក ប្រទេសផ្សេងៗទៀតនៅអឺរ៉ុបដូចជាអ៊ីតាលី អេស្ប៉ាញ អង់គ្លេស និងជាពិសេសនោះគឺបារាំងតែម្តង បាននិងកំពុងទទួលរងរលកកម្តៅដ៏អាក្រក់ជាកំណត់ត្រាថ្មីក្នុងប្រវត្តិសាស្ត្ររបស់ទ្វីបអឺរ៉ុបតែម្តង។