News Update: ព្យុះទីហ្វុងផ្តាច់ជីវិតប្រជាជនចិន៤៤នាក់ និង១៦នាក់បាត់ខ្លួន ខណៈការខូចខាតសេដ្ឋកិច្ចស្មើនឹង២.៥៥ពាន់លានដុល្លារ (Video inside)
12-08-2019 12:09
(ប៉េកាំង)៖ ចំនួនមនុស្សស្លាប់ដោយខ្យល់ព្យុះទីហ្វុងឡេគីម៉ា (Lekima) នៅភាគខាងកើតប្រទេសចិនបានកើនដល់ ៤៤នាក់ហើយ គិតត្រឹមព្រឹកថ្ងៃចន្ទនេះ ខណៈមនុស្ស ១៦នាក់កំពុងបន្តបាត់ខ្លួន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃចន្ទ ទី១២ ខែសីហា ឆ្នាំ២០១៩។
នៅក្នុងទិន្នន័យផ្លូវការរបស់ខ្លួនអាជ្ញាធរចិនបានឱ្យដឹងថា មនុស្ស ១២នាក់បន្ថែមទៀតបានបាត់បង់ជីវិតដោយសារតែព្យុះ Lekima ដោយក្នុងនោះមាន ០៧នាក់ក្នុងខេត្តជែជាំង (Zhejiang) និង ០៥នាក់នៅខេត្តសានទុង (Shandong) ហើយចំនួននេះទៀតសោត គឺរាប់បញ្ចូលទាំងអ្នកស្លាប់នៅក្នុងខេត្ត Zhejiang ៣២នាក់កាលពីថ្ងៃអាទិត្យតែម្តង។
គួរជម្រាបថា ព្យុះទីហ្វុង Lekima បានវាយប្រហារមកលើតំបន់ដីគោកនៃខេត្ត Zhejiang កាលពី ព្រឹងថ្ងៃសៅរ៍សប្ដាហ៍មុនជាមួយកម្លាំងខ្យល់បក់ ១៨៧គីឡូម៉ែត្រក្នុងមួយម៉ោង។ ព្យុះទីហ្វុងដ៏កំណាចមួយនេះបានបង្កជាគ្រោះទឹកជំនន់ និងបង្ខំឱ្យអាជ្ញាធរចិនជម្លៀសមនុស្សច្រើនជាង ១៨០,០០០នាក់ទៅកាន់កន្លែងមានសុវត្ថិភាព ខណៈទូទាំងតំបន់ភាគខាងកើត និងឦសានប្រទេសចិន ចំនួនមនុស្សសរុបរហូតជាង ១លាននាក់ត្រូវបានជម្លៀស។
លើសពីនេះទៅទៀត បើតាមអាជ្ញាធរចិនព្យុះ Lekima បានបង្កការខូចខាតដល់សេដ្ឋកិច្ចប្រមាណ ២.៥៥ពាន់លានដុល្លារ ដោយក្នុងនោះរាប់ទាំងការបំផ្លិចបំផ្លាញផ្ទៃដីដាំដុះ ៣៦៤,០០០ហិកតា និងផ្ទះច្រើនជាង ៣៦,០០០ខ្នង ខណៈជើងហោះហើរចំនួន ៣,២០០ ត្រូវបានលុបចោល៕