(ចិន)៖ ក្រុមប៉ូលិសហុងកុង បានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកដាក់ក្រុមអ្នកតវ៉ា បន្ទាប់ពីបានគប់ដបសាំងជាច្រើនគ្រាប់បានផ្ទុះឡើង នៅតំបន់ Wan Chai ខណៈការប៉ះទង្គិចគ្នា នៅអំឡុងពេលនៃការតវ៉ា បានឈានចូលដល់សប្តាហ៍ទី១០ហើយ នៅក្នុងទីក្រុងកាន់តែកើនខ្លាំងឡើងៗ, នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយឲ្យដឹង នាយប់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩នេះ។
ព្រមជាមួយគ្នានោះ សារព័ត៌មាន Reuters News Agency បានផ្សាយឲ្យដឹងថា នៅតំបន់ Wan Chai គេឃើញមានគ្រាប់ជាដបសាំងចំនួន២គ្រាប់ ត្រូវបានក្រុមអ្នកតវ៉ាគប់ ហើយធ្វើឲ្យមានការផ្ទុះឡើងនៅលើដងផ្លូវ ស្របពេលដែលការបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងកុប្បកម្មរបស់ប៉ូលិស បានរុលទៅមុខ ធ្វើឲ្យក្រុមអ្នកតវ៉ាមួយចំនួនដកថយ។
ក្រុមអ្នកតវ៉ាធ្វើបាតុកម្ម បាននឹងកំពុងទាមទារឲ្យនាយកប្រតិបត្តិទីក្រុងហុងកុង លោកស្រី Carrie Lam លាលែងចេញពីតំណែង, ទាមទារឲ្យបោះឆ្នោត ដោយប្រជាធិបតេយ្យ, ទាមទារឲ្យដោះលែងអ្នកដែលត្រូវបានប៉ូលិសចាប់ខ្លួន នៅក្នុងការតវ៉ាកាលពីពេលមុន និងទាមទារឲ្យមានការស៊ើបអង្កេតមួយទៅលើប៉ូលិស ដែលបានប្រើប្រាស់កម្លាំងប្រឆាំងនឹងក្រុមអ្នកតវ៉ា។ ក្រុមអ្នកតវ៉ា បានកាន់កាប់ផ្លូវជាច្រើន នៅតំបន់ចំនួនពីរ និងបានបិទចរាចរណ៍។
គួរជម្រាបថា ចលនានៃការតវ៉ាត្រូវបានគេមើលឃើញថា ជាការគម្រាមកំហែងដ៏ធំបំផុត ចំពោះការគ្រប់គ្រងរបស់ទីក្រុងប៉េកាំង ទៅលើទីក្រុងពាក់កណ្តាលស្វយ័តរបស់ចិននេះ ចាប់តាំងពីទីក្រុងមួយនេះ ត្រូវបានចក្រភពអង់គ្លេស ប្រគល់ឲ្យចិនវិញ នៅក្នុងឆ្នាំ១៩៩៧៕