(ម៉ូស្គូ)៖ ទីភ្នាក់ងារអវកាសរុស្ស៊ី Roscosmos បានបង្កើតឡើងនូវផ្កាយរណបមួយ ដែលមានសមត្ថភាពកម្ទេចខ្លួនវាចោលបាន នៅពេលបញ្ចប់ប្រតិបត្តិការ ដែលវាគឺជាគំនិតបង្កើតថ្មី សំដៅជួយដោះស្រាយបញ្ហាសំរាមក្នុងទីអវកាស។ នេះបើតាមការដកស្រង់ ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃអាទិត្យ ទី១១ ខែសីហា ឆ្នាំ២០១៩។
វត្ថុធាតុដើមដែលប្រើប្រាស់ក្នុងការបង្កើតផ្កាយរណបប្រភេទថ្មីនេះ គឺងាយនឹងរំលាយខ្លួនពីស្ថានភាពរឹងឲ្យទៅជាឧស្ម័នបាន ក្នុងកម្រិតសីតុណ្ហភាពណាមួយ។ ដូច្នេះនៅពេលវាផុតអាយុកាលធ្វើប្រតិបត្តិការ ឬក៏ខូចដោយចៃដន្យ ផ្កាយរណបប្រភេទនេះ មិននៅគរចោលក្នុងទីអវកាសឡើយ។ នៅពេលត្រូវរំលាយខ្លួនចោល ពួកវានឹងទទួលសញ្ញាពីក្រុមអ្នកគ្រប់គ្រងនៅលើផែនដី។
គួរជម្រាបថា បើតាមទីភ្នាក់ងារអវកាសអឺរ៉ុបនិងទីភ្នាក់ងារអវកាសអាមេរិក NASA បច្ចុប្បន្ន មានវត្ថុបង្កើតដោយមនុស្សចំនួនជិត ២០,០០០វត្ថុ ដែលនៅជុំវិញភពរបស់យើង ហើយ៨៧ភាគរយ គឺជាសំរាមឬកម្ទេចកម្ទីរក្នុងទីអវកាស រួមមានបេនសាំង ផ្កាយរណប និងឧបករណ៍ផ្សេងៗទៀត ដែលរសាត់អណ្តែតក្នុងល្បឿនយ៉ាងហោចណាស់ជិត៣០,០០០គីឡូម៉ែត្រក្នុងមួយម៉ោង។ អ្នកវិទ្យាសាស្រ្តមានការព្រួយបារម្ភថា ប្រសិនបើនៅបណ្តោយឲ្យចំនួនពួកវាបន្តកើនឡើង ដោយគ្មានវិធានការទប់ស្កាត់ បេសកកម្មរុករកនៅទីអវកាសនាថ្ងៃអនាគត អាចនឹងត្រូវផ្អាកទាំងស្រុង ព្រោះគន្លងផែនដីកកស្ទះខ្លាំងពេកដោយសារសំរាមទាំងនោះ៕