Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឥណ្ឌា៖ មនុស្ស១១៥នាក់បាត់បង់ជីវិត ដោយសារគ្រោះទឹកជំនន់ នៅតាមបណ្តារដ្ឋភាគខាងលិច កំឡុងចុងសប្តាហ៍នេះ

11-08-2019 13:38

(ញូដេលី)៖ កំឡុងពេល៣ថ្ងៃចុងក្រោយនេះ មនុស្សដល់ទៅប្រមាណ១១៥នាក់បានស្លាប់ ដោយសារតែគ្រោះទឹកជំនន់ នៅតាមរដ្ឋជាប់បណ្តោយឆ្នេរភាគខាងលិចនៃប្រទេសឥណ្ឌា រួមមាន Kerala, Karnataka, Maharashtra, និង Gujarat។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃអាទិត្យ ទី១១ ខែសីហា ឆ្នាំ២០១៩។

តំបន់ដែលរងគ្រោះធ្ងន់ធ្ងរជាងគេ គឺរដ្ឋ Kerala ដែលមានមនុស្សស្លាប់៥៧នាក់។ ចំណែកនៅរដ្ឋ Karnataka មានមនុស្សស្លាប់ ២៦នាក់ ខណៈមនុស្ស២០នាក់ បានបាត់បង់ជីវិតនៅរដ្ឋ Gujarat និង១២នាក់ បានស្លាប់នៅរដ្ឋ Maharashtra។ ជាមួយគ្នាដែរ មនុស្សសរុបជាងកន្លះលាននាក់ ត្រូវបានជម្លៀសខ្លួនចេញពីតំបន់ជន់លិច នៅក្នុងរដ្ឋទាំងនេះ ហើយជំរំស្នាក់នៅបណ្តោះអាសន្ន ត្រូវបានរៀបចំឡើង ស្របពេលដែលប្រតិបត្តិការរំដោះនិងជួយសង្រ្គោះ កំពុងតែបន្តប្រព្រឹត្តទៅយ៉ាងសកម្ម។

គួរជម្រាបថា កន្លងទៅ មនុស្សជាង២០០នាក់ ក៏បានបាត់បង់ជីវិតផងដែរ នៅរដ្ឋ Bihar និងរដ្ឋ Assam ដែលស្ថិតនៅភាគខាងកើត និងភាគឦសានប្រទេសឥណ្ឌា ដោយសារតែការវាយប្រហារពីគ្រោះទឹកជំនន់ ដែលមានរយៈពេលពីរសប្តាហ៍ ចាប់ផ្តើមកាលពី ថ្ងៃទី១៥ ខែកក្កដា។ កំឡុងពេលនោះ ប្រទេសអាស៊ីខាងត្បូងដទៃទៀត រួមមានប៉ាគីស្ថាន នេប៉ាល់ និងបង់ក្លាដែស សុទ្ធតែបានទទួលរងគ្រោះដូចគ្នា៕