(រីយ៉ាដ)៖ ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត បានប្រកាសឲ្យដឹងពីតួលេខសរុបនៃអ្នកមកចូលរួមពិធីបុណ្យធម្មយាត្រា «ហាជ» ដែលបានកើនដល់២,៤៨៩,៤០៦នាក់ គឺលើសពីឆ្នាំមុនជាងមួយសែននាក់។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃអាទិត្យ ទី១១ ខែសីហា ឆ្នាំ២០១៩។
យោងតាមរបាយការណ៍របស់អាជ្ញាធរស្រង់ស្ថិតិរបស់អារ៉ាប៊ីសាអូឌីត តួលេខសរុបនៃអ្នកធ្វើធម្មយាត្រាមកកាន់ទីក្រុង Mecca គឺក្នុងនោះមាន៦៣៤,៣៧៩នាក់ ដែលស្ថិតក្នុងប្រទេសផ្ទាល់ និង១,៨៥៥,០២៧នាក់ បានធ្វើដំណើរមកគ្រប់ទិសទីជុំវិញពិភពលោក ដើម្បីចូលរួមពិធីបុណ្យដ៏ធំនេះ។
គួរជម្រាបថា ហាជ គឺជាពិធីបុណ្យធម្មយាត្រាប្រចាំឆ្នាំមានរយៈពេល៦ថ្ងៃ និងជាគោលការណ៍ គ្រឹះទាំង៥នៃសាសនាអ៊ីស្លាម ដែលម៉ូស្លីមគ្រប់រូបចាំបាច់ត្រូវតែបំពេញឱ្យខានតែបាន ក្នុងករណី មានលទ្ធភាព និងសមត្ថភាពគ្រប់គ្រាន់។ ឆ្នាំនេះ បុណ្យហាជ បានចាប់ផ្តើមឡើងកាលពី០៩ ខែសីហា នឹងបន្តរហូតដល់ថ្ងៃទី១៤ ខែសីហា៕