(ប៊ែរឡាំង)៖ សមាជិកសភាអាល្លឺម៉ង់ លោក Dietmar Bartsch បានលើកឡើងថា សហរដ្ឋអាមេរិកត្រូវតែយកអាវុធនុយក្លេអ៊ែរ របស់ខ្លួនចេញទៅវិញដែរ ប្រសិនបើប្រាកដប្រជាអំពីការចង់ដកទ័ពចេញពីអាល្លឺម៉ង់។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានរុស្ស៊ី RT នៅព្រឹកថ្ងៃអាទិត្យ ទី១១ ខែសីហា ឆ្នាំ២០១៩។
លោក Bartsch បាននិយាយបែបនេះ បន្ទាប់ពីឯកអគ្គរដ្ឋទូតអាមេរិកប្រចាំទីក្រុងប៊ែរឡាំង លោក Richard Grenell បានគំរាមថា សហរដ្ឋអាមេរិកអាចដកកងទ័ពខ្លះចេញពីទឹកដីរបស់អាល្លឺម៉ង់។ ជាការឆ្លើយតបលោក Bartsch បានលើកឡើងថា បើអាមេរិក ច្បាស់ក្នុងចិត្តថានឹងដកទ័ពមែននោះ គឺគួរដកទៅទាំងអស់តែម្តង ហើយក៏ត្រូវនាំយកអាវុធនុយក្លេអ៊ែរទៅវិញជាមួយគ្នាដែរ។ ក្រៅពីលោក Bartsch សមាជិកសភាអាល្លឺម៉ង់មួយចំនួនទៀត ក៏មិនពេញចិត្តនឹងពាក្យសម្តីគំរាមកំហែងរបស់លោក Grenell ដូចគ្នា។
គួរជម្រាបថា អាល្លឺម៉ង់គឺជាប្រទេសអឺរ៉ុប ដែលកងទ័ពអាមេរិកឈរជើងច្រើនជាងគេ គឺ៣៥,០០០នាក់ បូករួមនិងបុគ្គលិកស៊ីវិល ដែលពាក់ព័ន្ធប្រមាណ១៧,០០០នាក់ទៀត។ ការគំរាមដកទ័ពចេញពីសំណាក់ទីក្រុងវ៉ាស៊ីនតោននេះ បានកើតមានឡើង ចំពេលដែលអាមេរិកនៅតែបន្តរិះគន់និងទាមទារឲ្យ អាល្លឺម៉ង់ចូលរួមចំណែកឲ្យច្រើនជាងមុនក្នុងអង្គការ NATO ពោលគឺបង្កើនការចំណាយលើវិស័យយោធារបស់ខ្លួន។ ម៉្យាងវិញទៀត ទីក្រុងប៊ែរឡាំង ក៏បានបដិសេធមិនចូលរួមកិច្ចប្រឹងប្រែង ចង់បង្កើតកម្លាំងចម្រុះល្បាតដែនសមុទ្រពែករបស់អាមេរិក ថែមទៀតផង៕