(អារ៉ាប៊ីសាអូឌីត)៖ ប្រជាជនម៉ូស្លីមរាប់លាននាក់ នៅទូទាំងពិភពលោក បានប្រមូលផ្ដុំគ្នាក្នុងទីក្រុង Mecca ប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីបំពេញកាតព្វកិច្ចហាជ ឬហាជ្ជី ជាការអនុវត្តតាមកម្ពីកូរអាន និងស៊ុនណះ ឬសកម្មភាពដែលអ្នកសាររបស់អល់ឡោះជាម្ចាស់ គឺមហាំម៉ាត់ បានធ្វើកាលពីជាង ១,៣៧៧ឆ្នាំមុន។

ហាជ គឺជាគោលការណ៍គ្រឹះទាំង៥នៃសាសនាឥស្លាម ហើយដែលជនម៉ូស្លីមចាំបាច់ត្រូវតែបំពេញឱ្យបាន ក្នុងមួយជីវិតរបស់ខ្លួន ក្នុងករណីមានលទ្ធភាព និងសមត្ថភាពគ្រប់គ្រាន់។ ពិធីបុណ្យធម្មយាត្រាប្រចាំឆ្នាំ នេះ មានរយៈពេល៦ថ្ងៃ ហើយមានប្រជាជនម៉ូស្លីមមកពីទូទាំងពិភពលោក ចន្លោះពី២ ទៅ៣លាននាក់ តែងតែចូលរួមជារៀងរាល់ឆ្នាំ។ ពិធីបុណ្យធម្មយាត្រាហាជ ត្រូវធ្វើឡើងនៅក្នុងខែ១២ ឬខែស៊ុលហាជ្ជះ (Dhul-Hijjah) នៃប្រតិទិនឥស្លាម (ចន្ទគតិ) ពោលគឺនៅចន្លោះពីថ្ងៃទី៨ ដល់ថ្ងៃទី១៣ នៃខែ Dhul-Hijjah នេះ ឬគិតតាមប្រទិនឆ្នាំសកលចាប់ផ្ដើមពីថ្ងៃទី០៩ រហូតដល់ថ្ងៃទី១៤ ខែសីហានេះ។ តើពិធីបុណ្យដ៏ធំនេះ ព្រឹត្តទៅយ៉ាងដូចម្ដេច? ខាងក្រោមនេះគឺជារៀបរាប់ត្រួសៗ៖

* ថ្ងៃទី១ (ថ្ងៃទី៨ ខែស៊ុលហាជ្ជះ ត្រូវនឹងថ្ងៃទី០៩ ខែសីហា)

- ស្លៀកដណ្ដប់ក្រណាត់ស ឬហៅជាភាសាអារ៉ាប់ថា «អៀសរ៉ម (ihram)»

ការចាប់ផ្ដើមដំបូងនៃបុណ្យហាជ គឺការស្លៀកអៀសរ៉ម (ihram) ដើម្បីដើរឆ្លងកាត់កន្លែងមួយដែលវិន័យ នៃការធ្វើហាជ បានកំណត់ ឬគេហៅ «មីកត ឬ Miqat) ស្ថិតនៅជុំវិញទីក្រុង Mecca។ អៀសរ៉មសម្រាប់ បុរសផ្សេង និងសម្រាប់ស្រ្តីផ្សេង (បិទបាំងរាងកាយឱ្យជិត)។

- ដំណើរឆ្ពោះទៅមីណា (Mina)

អ្នកចូលរួមធម្មយាត្រាហាជ ត្រូវប្រមូលផ្ដុំគ្នាធ្វើដំណើរចេញពីទីក្រុង Mecca ឆ្ពោះទៅកាន់ Mina ដោយថ្មើរជើង ឬតាមរយៈរថយន្ត ឬក៏ឡានក្រុង ក្នុងចំងាយផ្លូវ៨គីឡូម៉ែត្រ។ ពួកគេនឹងត្រូវចំណាយ ពេលមួយថ្ងៃមួយយប់ នៅមីណា ដើម្បីបួងសួងថ្វាយបង្គំ និងរំលឹកទៅកាន់អល់ឡោះជាម្ចាស់។

* ថ្ងៃទី២ ( ថ្ងៃទី៩ ខែស៊ុលហាជ្ជះ ត្រូវនឹងថ្ងៃទី១០ ខែសីហា)

* ចំណាយពេលមួយថ្ងៃ នៅ Arafat

- ថ្ងៃ Arafat គឺជាថ្ងៃដ៏សំខាន់មួយសម្រាប់ហាជ ដោយចាប់ពីថ្ងៃរះរហូតដល់ថ្ងៃលិច អ្នកធ្វើធម្មយាត្រា ត្រូវស្ថិតនៅបរិវេណតំបន់ភ្នំ Arafat ដើម្បីសូត្រធម៌ និងថ្វាយបង្គំ ជាដើម។ ពីតំបន់មីណា មកភ្នំ Arafat មានចំងាយ១៤.៤គីឡូម៉ែត្រ ហើយនៅថ្ងៃ Arafat នេះដែរ ប្រជាជនម៉ូស្លីមទាំងអស់ដែលមិនបានទៅធ្វើ ហាជ ក៏អាចតមអាហារ ឬបួស ដោយស្ម័គ្រចិត្ត ដើម្បីទទួលបានផលបន្ថែមផងដែរ។

- ប្រមូលដុំគ្រួសតូចៗនៅ មូសស្ដាលីហ្វាស់ (Muzdalifah)

ក្រោយថ្ងៃលិចនៅ Arafat អ្នកធ្វើធម្មាយាត្រា ត្រូវធ្វើដំណើរចេញពីភ្នំ Arafat ទៅកាន់ Muzdalifah ក្នុងចំងាយផ្លូវ៩គីឡូម៉ែត្រ ជាទីដែលពួកគេត្រូវចំណាយ ពេលកន្លះយប់ ហើយត្រូវប្រមូលដុំគ្រួសនៅទីនេះ ទុកសម្រាប់ការអនុវត្តពិធីមួយនៅថ្ងៃបន្ទាប់។

* ថ្ងៃទី៣ (ថ្ងៃទី១០ ខែស៊ុលហាជ្ជះ ត្រូវនឹងថ្ងៃទី១១ ខែសីហា)

* ការចោលដុំគ្រួសតូចៗ ទៅលើសរសរ

នៅថ្ងៃនេះ ឬគេស្គាល់ជាភាសាអារ៉ាប់ ថាថ្ងៃយោម អ៊ុល ហាជ អាល់ អឹកបា (yawm-ul hajj al-akbar) និងជាថ្ងៃមានរយៈពេលវែងជាងគេនៃពិធីធម្មយាត្រាហាជ ហើយក៏ជាកន្លែងមានគ្រោះថ្នាក់ដែរ (មនុស្សម្នាប្រជៀតគ្នាច្រើនពេក អាចជាន់គ្នា)។ នៅថ្ងៃទី១០ ខែស៊ុលហាជ្ជះ (Dhul-Hijjah) ឬថ្ងៃទី១១ ខែសីហានេះ ក៏ត្រូវនឹងថ្ងៃបុណ្យហាជ (Eid al-Adha) ដែលប្រជាជនម៉ូស្លីមនៅទូទាំងពិភពលោក រួមទាំង បងប្អូនខ្មែរឥស្លាម ក្នុងប្រទេសកម្ពុជានាំគ្នាប្រារព្ធឡើង។

ក្រោយបញ្ចប់ការស្នាក់នៅ Muzdalifah អ្នកធ្វើធម្មយាត្រា ត្រូវត្រឡប់ទៅកាន់មីណាវិញ ហើយនៅទីនោះ ឯងពួកគេនឹងចោល ឬគប់ដុំគ្រួសតូចៗចំនួន៧គ្រាប់ ទៅលើសរសរមួយក្នុងចំណោមសរសរទាំង៣ ឬគេហៅ Jamarat (គប់តែសរសរនេះមួយទេ)។

ការអនុវត្តបែបនេះ គឺដើម្បីចោលដុំថ្មទៅលើសាតាន់ ឬបិសាច ទៅតាមវិន័យប្រវតិ្តសាស្ត្រ និងរលឹកដល់រឿងរ៉ាវរបស់ណាពីអ៊ីព្រហ៊ីម (Abraham) (អ្នកនាំសារអល់ឡោះ មុនជំនាន់មហាំម៉ាត់)។ ក្នុងដំណើររឿងនេះអល់ឡោះជាម្ចាស់បានបង្គាប់ឱ្យណាពីអ៊ីព្រហ៊ីម (Abraham) សម្លាប់កូនប្រុសខ្លួនឯងឈ្មោះ អ៊ីស្មាអែល គ្រាន់តែជាការសាកល្បងជំនឿរបស់គាត់ និងកូនប្រុសតែប៉ុណ្ណោះ។ ប៉ុន្តែនៅពេលនោះដែរ សាតាន់ បានព្យាយាមបញ្ចុះបញ្ចូល អ៊ីព្រហ៊ីម កុំឱ្យគោរពតាមបទបញ្ជានេះ តែអ៊ីព្រហ៊ីមបានឆ្លើយតប ទៅវិញដោយការគប់ដុំគ្រូសទៅលើសាតាន់។ អ៊ីព្រហ៊ីម បានធ្វើតាមបញ្ជា ប៉ុន្តែទន្ទឹមគ្នានោះអល់ឡោះ បានទទួលយកជំនឿរបស់គាត់ និងកូន ដោយឱ្យគាត់សម្លាប់សត្វពាហៈជំនួសកូនរបស់គាត់វិញ។

ដូច្នេះហើយទើប នៅក្នុងពិធីបុណ្យហាជនេះ តម្រូវឱ្យជនម៉ូស្លីមសម្លាប់សត្វពាហនៈ ដូចជា គោ ចៀម ឬអូដ្ឋជាដើម យកទៅចែកជូនបងប្អូនអ្នកជិតខាងបរិភោគ។

* ថ្ងៃទី៤, ថ្ងៃទី៥ និងទី៦ (ថ្ងៃទី១១ ១២ និង១៣ ខែស៊ុលហាជ្ជះ ត្រូវនឹងថ្ងៃទី១២, ១៣, ១៤ ខែសីហា)

* ថ្ងៃចុងក្រោយនៅមីណា

នៅថ្ងៃនោះ អ្នកចូលរួមធម្មយាត្រាហាជ នឹងត្រូវចោលដុំថ្មម្ដងទៀត លើសរសរទាំងបីតែម្ដង ដោយក្នុងមួយសរសរ ត្រូវចោលដុំគ្រួសលើ៧គ្រាប់។ ក្រោយមកទៀត អ្នកចូលរួមអាចស្នាក់នៅមីណានេះ រយៈពេល២ឬ៣ថ្ងៃ។ ដោយឡែកនៅពេលការស្នាក់នៅក្នុងមីណា ត្រួវបានបញ្ចប់ពួកគេនឹងត្រូវត្រឡប់ទៅកាន់ទីក្រុង Mecca វិញ ដើម្បីអនុវត្តធម្មយាត្រាចុងក្រោយនៅ Kaaba ឬគេហៅតាវ៉ាហ្វ (tawaf)។

មុននឹងត្រឡប់ទៅផ្ទះ អ្នកចូលរួមមួយចំនួន អាចនឹងធ្វើដំណើរទៅកាន់ទីក្រុងម៉ាឌីណាជាទីក្រុងដ៏ពិសិដ្ឋ ទីពីររបស់ឥស្លាម និងជាទីដែលមហាំម៉ាត់ត្រូវបានបញ្ចុះ។ ប៉ុន្តែ ការធ្វើទស្សនកិច្ចនៅទីក្រុងនេះមិនមែន ជាផ្នែកមួយនៃការធ្វើហាជនោះទេ៕