Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រព័ន្ធប្រតិបត្តិការ HarmonyOS គឺទុកសម្រាប់ជំនួលពេល Android ដល់ពេលបញ្ចប់, នេះបើតាមសន្និសីទរៀបចំដោយ Huawei

10-08-2019 16:14

(ប៉េកាំង)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន Huawei បានប្រកាសថា ប្រព័ន្ធប្រតិបត្តិការ HarmonyOS គឺជាប្រព័ន្ធជំនួសមួយនៅក្នុងករណី ដែលក្រុមហ៊ុនចិនមួយនេះលែងអាចដំណើរការប្រព័ន្ធ Android របស់ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក Google ស្របពេលសង្រ្គាមពាណិជ្ជកម្មរវាងទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោនកំពុងចាប់ផ្ដើមឡើងកម្ដៅឡើងវិញ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃសៅរ៍ ទី១០ ខែសីហា ឆ្នាំ២០១៩។

ក្រុមហ៊ុន Huawei នាថ្ងៃសុក្រសប្ដាហ៍នេះបានបង្ហាញជាផ្លូវការនូវប្រព័ន្ធប្រតិបត្តិការ (Operating System ឬ OS) ដែលស្នាដៃផលិតរបស់ក្រុម Developers របស់ក្រុមហ៊ុនផ្ទាល់ និងមានឈ្មោះ ផ្លូវការថា HarmonyOS សម្រាប់ទីផ្សារទាំងក្នុងស្រុកចិន និងអន្តរជាតិ។

ក្នុងសន្និសីទដ៏ធំបំផុតមួយមិនធ្លាប់មាន ដែលរៀបចំឡើងនៅទីក្រុងតុងក្វាន (Dongguan) ក្រុមហ៊ុន Huawei បានបញ្ចេញប្រព័ន្ធប្រតិបត្តិការថ្មីមួយឈ្មោះថា HarmonyOS ខណៈកន្លងមកវា ត្រូវបានគេរាយការណ៍ថា មានឈ្មោះ HongmengOS ឬក៏ ArkOS។ ប្រព័ន្ធប្រតិបត្តិការនេះនឹង ដំណើរការ នៅលើឧបករណ៍បច្ចេកវិទ្យាជាច្រើនប្រភេទ រួមមានស្មាតហ្វូន ថេប្លេត នាឡិកា ទូរទស្សន៍ រថយន្ត និងកុំព្យូទ័រយួរដៃជាដើម ដោយកន្លងមកមានការអះអាងថា វាមានសុវត្ថិភាព និងល្បឿនលឿន ជាងប្រព័ន្ធប្រតិបត្តិការ Android OS របស់ក្រុមហ៊ុនអាមេរិក Google រហូតដល់ទៅ ៦០%ឯណោះ។

ប៉ុន្មានខែចុងក្រោយនេះ មានសេចក្តីរាយការណ៍ព័ត៌មានជាច្រើន ពាក់ព័ន្ធនឹងវត្តមាននៃប្រព័ន្ធ ប្រតិបត្តិការថ្មីខាងលើរបស់ក្រុមហ៊ុន Huawei ចាប់តាំងតែពីរដ្ឋាភិបាលអាមេរិក កត់ឈ្មោះក្រុមហ៊ុន បច្ចេកវិទ្យាយក្សរបស់ចិនមួយនេះ ចូលក្នុងបញ្ជីខ្មៅពាណិជ្ជកម្មរបស់ខ្លួនដែលវាប៉ះពាល់ដល់ ទំនាក់ទំនងអាជីវកម្មរវាង Huawei និងក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកជាពិសេសគឺ Google តែម្តង។

គួរជម្រាបថា មុនពេលបង្ហាញខ្លួនប្រព័ន្ធប្រតិបត្តិការ HarmonyOS ឬ HongmengOS នេះ ក្រុមហ៊ុន Huawei ធ្លាប់បានបញ្ជាក់ថា OS នេះមិនមែនរចនាឡើងសម្រាប់ស្មាតហ្វូនទេ គឺសម្រាប់ឧបករណ៍បច្ចេកវិទ្យាផ្សេងទៀត ដូចជាឧបករណ៍ Smart Screen ដែលស្រដៀងនឹង Smart TV ជាដើម។ ស្របពេលជាមួយគ្នាក៏មានសេចក្តីរាយការណ៍ព័ត៌មានផងដែរថា Huawei កំពុងតែធ្វើតេស្ត OS នេះនៅលើស្មាតហ្វូនមួយស៊េរីរបស់ខ្លួន ដែលអាចចេញលក់នៅចុងឆ្នាំនេះ។ គួរបញ្ជាក់បន្ថែមថា នេះជាលើកដំបូងបំផុតដែល Huawei ទទួលស្គាល់ជាផ្លូវការអំពី OS ផ្ទាល់ខ្លួនដែលមានឈ្មោះថា Harmony៕