(អង់ការ៉ា)៖ អ្នកនាំពាក្យក្រសួងការបរទេសតួកគី លោក ហាមី អាកសយ (Hami Aksoy) បាននិយាយថា តួកគីប្រឆាំងជំទាស់នឹងការសម្រេចចិត្តរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ក្នុងការដាក់ទណ្ឌកម្មដោយបង្កកទ្រព្យសម្បត្តិទាំងអស់ របស់រដ្ឋាភិបាលវេណេស៊ុយអេឡា ដែលមាននៅក្នុងសហរដ្ឋអាមេរិកកន្លងទៅថ្មីៗនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Sputnik នារសៀលថ្ងៃសៅរ៍ ទី១០ ខែសីហា ឆ្នាំ ២០១៩។
ក្នុងសេចក្តីថ្លែងការណ៍ចេញផ្សាយនៅថ្ងៃសុក្រសប្ដាហ៍នេះ លោក Aksoy បានលើកឡើង យ៉ាងដូច្នេះថា «យើងមិនយល់ស្របចំពោះវិធានការបង្កកទ្រព្យសម្បត្តិ លើវេណេស៊ុយអេឡា ដោយសហរដ្ឋអាមេរិកឡើយ… ហើយយើងក៏មានការព្រួយបារម្ភផងដែរថា វិធានការនេះនឹងធ្វើឱ្យ ស្ថានភាពសេដ្ឋកិច្ចរបស់វេណេស៊ុយអេឡា កាន់តែធ្ងន់ធ្ងរឡើងថែមមួយកម្រិតទៀតលើស្ថានភាព ដែលអាក្រក់ស្រាប់នៅពេលបច្ចប្បន្ន ដែលប្រជាជនវេណេស៊ុយអេឡាបាន និងកំពុងតែជួបប្រទះ តែប៉ុណ្ណោះ»។
អ្នកនាំពាក្យរូបនេះបានសង្កត់ធ្ងន់ទៀតថា ដំណោះស្រាយល្អបំផុតសម្រាប់វិបត្តិនៅ វេណេស៊ុយអេឡា នោះគឺគ្រប់ភាគីទាំងអស់គួរតែបន្តចូលរួមចំណែកក្នុងការជំរុញឲ្យមាន ដំណើរការនៃកិច្ចពិភាក្សាផ្នែកនយោបាយ។ កាលពីថ្ងៃចន្ទ ទី០៥ ខែសីហាកន្លងទៅនេះ រដ្ឋបាលលោក ដូណាល់ ត្រាំ បានប្រកាសដាក់ទណ្ឌកម្មថ្មីទៀត តាមរយៈការបង្កកទ្រព្យសម្បត្តិទាំងអស់ របស់រដ្ឋាភិបាលវ៉េណេស៊ុយអេឡា ដែលមាននៅក្នុងទឹកដីអាមេរិក ឬក៏ស្ថិតនៅក្រោមដែនសមត្ថកិច្ចអាមេរិក៕