(យ៉ាងហ្គន)៖ មនុស្សយ៉ាងហោចណាស់ ១៧នាក់បាត់បង់ជីវិត និងរាប់សិបនាក់ផ្សេងទៀត បាត់ខ្លួននៅក្នុងគ្រោះរអិលបាក់ដី បង្កឡើងដោយភ្លៀងធ្លាក់យ៉ាងគំហុក ដែលបានកប់ផ្ទះ និងអគារជាច្រើននៅតំបន់ភាគខាងត្បូងប្រទេសមីយ៉ាន់ម៉ា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃសៅរ៍ ទី១០ ខែសីហា ឆ្នាំ២០១៩។
ភ្លៀងធ្លាក់ខ្លាំងបានកើតឡើងនៅតំបន់ភាគត្បូងនៃប្រទេសមីយ៉ាន់ម៉ា អស់រយៈពេលជាច្រើនថ្ងៃមកហើយ ដោយវាបង្កជាគ្រោះទឹកជំនន់ ដែលបង្ខំឱ្យអាជ្ញាធរត្រូវជម្លៀសប្រជាជនជាង ១២,០០០នាក់ទៅរកន្លែងមានសុវត្ថិភាព។
ដោយឡែក បើតាមលោក ម្យ៉ូ ម្យីន សេន (Myo Myint Shein) ជាប្រធានសមាគមសង្គ្រោះមូដុន (Mudon Rescue Association) ចំនួនអ្នកស្លាប់គិតត្រឹមថ្ងៃសុក្រសប្ដាហ៍នេះបានកើនដល់ ១៧នាក់ ហើយចំនួននេះអាចនឹងកើនឡើងបន្ថែមទៀត ស្របពេលមនុស្សរាប់សិបនាក់កំពុងបាត់ខ្លួន។
គួរជម្រាបថា បើតាមអាជ្ញាធរឧតុនិយមមីយ៉ាន់ម៉ា ភ្លៀងធ្លាក់ខ្លាំងអាចនឹងកើតឡើងជាថ្មី នៅប៉ុន្មានថ្ងៃមុខទៀតនេះ ខណៈប្រទេសនៅក្នុងតំបន់អាស៊ីខាងត្បូង អាស៊ីខាងកើត និងអាស៊ីអាគ្នេយ៍ កំពុងតែទទួលរងឥទ្ធិពលព្យុះកំណាចដូចៗគ្នា ជាពិសេសគឺប្រទេសចិនតែម្តង៕