(ប៉េកាំង)៖ ប្រជាជនចិនប្រមាណជាង១លាននាក់រស់នៅក្នុងទីក្រុង វិនលីង (Wenling) ស្ថិតក្នុងខេត្តជីជាំង (Zhejiang) និងទីក្រុងសៀងហៃ ត្រូវបានអាជ្ញាធរជម្លៀសទៅរកកន្លែងមានសុវត្ថិភាព ដោយសារតែព្យុះទីហ្វុងឡេគីម៉ា (Lekima) កំពុងតែបង្កខ្យល់បោកបក់យ៉ាងសន្ធប់ លាយឡំនិងភ្លៀងធ្លាក់យ៉ាងគំហុក ដែលបានបង្កទៅជាគ្រោះរអិលបាក់ដី នៅក្នុងតំបន់ជាប់សមុទ្រភាគខាងកើតប្រទេស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃសៅរ៍ ទី១០ ខែសីហា ឆ្នាំ២០១៩។
អាជ្ញាធរចិនបានអះអាងថា ព្យុះទីហ្វុងឡេគីម៉ាបានបង្កជាខ្យល់បោកបក់ក្នុងល្បឿន ១៨៧គីឡូម៉ែត្រក្នុងមួយម៉ោង ហើយវាជាព្យុះទីហ្វុងទី ៩ ហើយដែលបានបោកបក់មកលើទឹកដីចិននៅក្នុងអំឡុងឆ្នាំ២០១៩ នេះតែម្តង។ សម្រាប់បណ្តាខេត្តដែលបាននិងកំពុងទទួលរងគ្រោះដោយសារព្យុះនេះមានដូចជា អានហ៊ុយ (Anhui), ហ៊្វូចៀន (Fujian), ជាំងស៊ូ (Jiangsu) និងជីជាំង (Zhejiang) ដែលសុទ្ធសឹងជាខេត្តជាប់តំបន់ឆ្នេរសមុទ្រភាគខាងកើត និងឦសានចិន។
គួរបញ្ជាក់ផងដែរថា គិតចាប់តាំងពីល្ងាចថ្ងៃសុក្រមិ្សលមិញ អាជ្ញាធរចិនបានបង្កើនកម្រិតប្រកាសអាសន្នដល់កំពូល ហើយមនុស្សប្រមាណជាង ៧០០,០០០នាក់ត្រូវបានជម្លៀស និងឈានដល់ជាងមួយលាននាក់នៅព្រឹកថ្ងៃសៅរ៍នេះ ខណៈមនុស្សប្រមាណ ១១០,០០០នាក់កំពុងស្នាក់នៅជម្រកបណ្តោះអាសន្ន ១២,០០០តង់។ ដោយឡែកជើងហោះហើរជិត ៣០០ត្រូវបានផ្អាក និងផ្លូវរថភ្លើងត្រូវបិទជាបណ្តោះអាសន្ន ព្រមទាំងទូកនេសាទជាង ១៥០គ្រឿងទៀត កំពុងទទួលការហៅឲ្យត្រឡប់ចូលចំណតវិញ៕