(អាហ្រ្វិក)៖ ប្រធានាធិបតីឆាដលោក Idriss Deby នាថ្ងៃសុក្រនេះ បានឲ្យដឹងថា ការផ្ទុះជម្លោះយ៉ាងហិង្សារវាងក្រុមជនជាតិដើមភាគតិច នៅក្នុងប្រទេសលោក នាសប្តាហ៍នេះ បានបណ្តាលឲ្យមនុស្សយ៉ាងតិច ៣៧នាក់បាត់បង់ជីវិត។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានបារាំង AFP នៅយប់ថ្ងៃសុក្រ ទី០៩ ខែសីហា ឆ្នាំ២០១៩។
ក្នុងសន្និសីទសារព័ត៌មានមួយ នាឱកាសថ្ងៃបុណ្យឯករាជ្យរបស់ប្រទេសអាហ្រ្វិកកណ្តាលមួយនេះ លោក Deby បាននិយាយថា ក្នុងពេលត្រឹមតែ០៣ថ្ងៃប៉ុណ្ណោះ ក្នុងសប្តាហ៍នេះ មនុស្ស៣៧នាក់បានស្លាប់ ក្នុងខេត្ត Ouaddie នៅតំបន់ភាគខាងកើតប្រទេស ជាទីដែលអំពើហិង្សារវាងក្រុមជនជាតិដើមភាគតិចនៅទីនោះ បានកើតមានឡើងឥតឈប់ឈរ។ បើតាមលោក បញ្ហាជម្លោះរវាងសហគមន៍ជនជាតិដើមទាំងនេះ បានក្លាយជាក្តីព្រួយបារម្ភថ្នាក់ជាតិយ៉ាងធំមួយ។
គួរជម្រាបថា កាលពីខែកក្កដាកន្លងទៅ លោកប្រធានាធិបតីឆាដ បានបង្ហាញឆន្ទៈចង់ចាត់វិធានការតឹងរ៉ឹង ដើម្បីទប់ស្កាត់បញ្ហាជម្លោះបង្ហួរឈាមនេះ៕