(កូឡុំបូ)៖ ស្រីលង្កានឹងត្រូវប្រឈមមុខនឹងគ្រោះទឹកជំនន់លាយឡំជាមួយភ្លៀង និងខ្យល់បក់ យ៉ាងខ្លាំងនៅប៉ុន្មានថ្ងៃខាងមុខទៀតនេះ ដោយសារតែអាកាសធាតុអាក្រក់។ នេះបើតាមសេចក្តីប្រកាសពីអាជ្ញាធរឧតុនិយមស្រីលង្កា ដកស្រង់ចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅល្ងាចថ្ងៃសុក្រ ទី០៩ ខែសីហា ឆ្នាំ២០១៩។
អាជ្ញាធរឧតុនិយមស្រីលង្កាបានឱ្យដឹងទៀតថា ខ្យល់បក់ខ្លាំងអាចនឹងមានល្បឿនចន្លោះពី ៥០-៦០គីឡូម៉ែត្រក្នុងមួយម៉ោង នៅតាមតំបន់នៃខេត្តភាគខាងជើង, ភាគកណ្ដាល និងភាគពាយ័ព្យប្រទេស ព្រមទាំងទីក្រុងទ្រីនកូម៉ាលី (Trincomalee) នៃតំបន់ភាគខាងកើត និងទីក្រុងម៉ាតាឡេ (Matale) ស្ថិតនៅភាគកណ្ដាលផងដែរ។
គួរបញ្ជាក់ថា បើតាមអាជ្ញាធរឧតុនិយមស្រីលង្កា កម្ពស់ទឹកភ្លៀងអាចហក់ឡើងខ្ពស់ជាង ៧៥មីលីម៉ែត្រ នៅក្នុងតំបន់មួយចំនួនស្ថិតនៅភាគខាងលិច ភាគកណ្ដាល រួមទាំងខេត្ត សាបារ៉ាហ្គាមូវ៉ា (Sabaragamuwa) ក៏ដូចជាស្រុកហ្គាឡេ (Galle) និងស្រុក Matara នៃភាគខាងត្បូងប្រទេស។ បន្ថែមពីនេះ នៅក្នុងរបាយការណ៍ចុងក្រោយបំផុតរបស់ខ្លួន មជ្ឈមណ្ឌលគ្រប់គ្រងគ្រោះមហន្តរាយស្រីលង្កាក៏បានបញ្ជាក់ដែរថា ផ្ទះប្រជាជនជិត ៣០០ខ្នង រងការបំផ្លិចបំផ្លាញក្នុងរយៈពេល ៤៨ម៉ោងមកនេះនៅតាមតំបន់កំពុងរងប៉ះពាល់ ដោយសារមហន្តរាយទឹកជំនន់នៅទូទាំងប្រទេស៕