(ញូដេលី)៖ យន្តហោះចម្បាំងធុន Sukhoi Su-30 មួយគ្រឿង របស់កងទ័ពអាកាសឥណ្ឌា បានធ្លាក់នៅរដ្ឋ Assam ភាគឦសានប្រទេសឥណ្ឌា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅថ្ងៃសុក្រ ទី០៩ ខែសីហា ឆ្នាំ២០១៩។

យោងតាមប្រភពពីខាងកងទ័ពអាកាសឥណ្ឌា អាកាសយានិកទាំង០២នាក់ បានចុចបាញ់កៅអីលោតចេញដោយសុវត្ថិភាព ខណៈយន្តហោះបានធ្លាក់បុកដីហើយផ្ទុះឆេះ។ ក្រោយឃើញហេតុការណ៍នេះ មនុស្សម្នាដែលរស់នៅក្នុងតំបន់កើតហេតុ ក៏ខិតខំទៅជួយអាកាសយានិកទាំង០២នាក់នោះ ដោយម្នាក់បានរងរបួសជើង។

គួរជម្រាបថា ហេតុការណ៍ខាងលើ បានកើតឡើងកាលពីយប់ថ្ងៃព្រហស្បតិ៍ កំឡុងការហោះហើរហ្វឹកហ្វឺនជាប្រចាំមួយ។ យន្តហោះ​​ចម្បាំង Su-30 នោះ បានធ្លាក់ផ្ទុះឆេះនៅលើដីស្រែមួយកន្លែង ក្នុងតំបន់ Milanpur នៃរដ្ឋ Assam៕