(ការ៉ាកាស់)៖ ប្រធានាធិបតីវេណេស៊ុយអេឡាលោក នីកូឡាស់ ម៉ាឌូរ៉ូ បានប្រកាសថា ទីក្រុងការ៉ាកាស់នឹងផ្ញើលិខិតថ្កោលទោសការដាក់ទណ្ឌកម្មរបស់អាមេរិក ដែលមានហត្ថលេខា ប្រជាជនវេណេស៊ុយអេឡារាប់លាននាក់ ទៅកាន់អង្គការសហប្រជាជាតិ (UN)។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃសុក្រ ទី០៩ ខែសីហា ឆ្នាំ២០១៩។
លោក ម៉ាឌូរ៉ូ បាននិយាយនាថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា «វាគឺសារលិខិតជូនចំពោះ អង្គការសហប្រជាជាតិ និងប្រមុខស្ថាប័នអន្តរជាតិនេះ គឺលោក អាន់តូនីញ៉ូ ហ្គូទែរែស (Antonio Guterres) ដែលយើងនឹងផ្ញើទៅដោយភ្ជាប់ជាមួយហត្ថលេខា របស់ប្រជាជនវេណេស៊ុយអេឡារាប់លាននាក់»។ នាឱកាសនោះលោក ម៉ាឌូរ៉ូ ក៏បានប្រកូកប្រកាសឲ្យជនរួមជាតិវេណេស៊ុយអេឡាទាំងអស់ ចូលរួមធ្វើបាតុកម្មតវ៉ាប្រឆាំងនឹងនយោបាយដ៏អាក្រក់របស់រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ថែមទៀត។
គួរជម្រាបថា កាលពីថ្ងៃអង្គារកន្លងទៅ លោក ត្រាំ បានចេញបទបញ្ជាប្រតិបត្តិមួយ ដើម្បីបង្កករាល់ទ្រព្យសម្បត្តិទាំងអស់ ដែលជាកម្មសិទ្ធិរបស់រដ្ឋបាភិបាលវេណេស៊ុយអេឡា នៅក្នុងសហរដ្ឋអាមេរិកបន្ថែមពីលើទណ្ឌកម្មសេដ្ឋកិច្ច និងការទូតជាច្រើន ទៀតដែលត្រូវបានដាក់នាពេលកន្លងមក។
ដោយឡែកឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស លោកស្រី មីឈែល បាសេឡេត (Michelle Bachelet) ក៏បានរិះគន់យ៉ាងខ្លាំងលើសហរដ្ឋអាមេរិកផងដែរ ចំពោះការសម្រេចចិត្តដាក់ទណ្ឌកម្មប្រឆាំងរដ្ឋាភិបាលលោក នីកូឡាស់ ម៉ាឌូរ៉ូ ដោយអះអាងថា វាមានតែធ្វើឱ្យប្រជាជនវេណេស៊ុយអេឡារាប់លាននាក់ រងការឈឺចាប់តែប៉ុណ្ណោះ៕