(តូក្យូ)៖ ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជែអ៊ីន នៅថ្ងៃសុក្រនេះបានរុះរើគណៈរដ្ឋមន្ត្រី និងតែងតាំងអគ្គរដ្ឋទូតថ្មីប្រចាំសហរដ្ឋអាមេរិក ខណៈភាពតានតឹងនៅលើឧបទ្វីបកូរ៉េ បានផ្ទុះឡើងជាថ្មី ក្រោយកូរ៉េខាងជើងធ្វើតេស្ដមីស៊ីលជាបន្តបន្ទាប់ និងវិវាទពាណិជ្ជកម្ម ជាមួយប្រទេសជប៉ុន ដែលអាចនឹងបន្តរីករាលដាល។ នេះបើតាមសម្តីអ្នកនាំវិមានប្រធានាធិបតីកូរ៉េខាងត្បូង ដកស្រង់ចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃសុក្រ ទី០៩ ខែសីហា ឆ្នាំ២០១៩។
ចំពោះមុខក្រុមអ្នកសារព័ត៌មាន អ្នកនាំពាក្យប្រធានាធិបតីកូរ៉េខាងត្បូងលោកស្រី កូន មីនជុង (Ko Min-jung) បានបញ្ជាក់ថា លោក មូន ជែអ៊ីន ក៏បានផ្លាស់ប្ដូរតំណែងរដ្ឋមន្ត្រី យុត្តិធម៌, រដ្ឋមន្ត្រីបច្ចេកវិទ្យា និងវិទ្យាសាស្ត្រ, រដ្ឋមន្ត្រីកសិកម្ម ព្រមទាំងរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការស្ត្រី និងគ្រួសារផងដែរ ក្នុងគោលបំណងធ្វើកំណែទម្រង់គោលនយោបាយរបស់រដ្ឋាភិបាល។
គួរបញ្ជាក់ថា មន្ត្រីទូតថ្មីគឺលោក លី ស៊ូយុក (Lee Soo-hyuck) ដែលធ្លាប់ជាអនុរដ្ឋមន្ត្រីការបរទេស និងនាយកទីភ្នាក់ស៊ើបការណ៍សំងាត់ ត្រូវបានតែងតាំងជាអគ្គរដ្ឋទូតកូរ៉េខាត្បូងប្រចាំសហរដ្ឋអាមេរិក ដោយជំនួសតំណែងលោក ចូ យូនចេ (Cho Yoon-je)។ ចំណែកឯសាស្ត្រាចារ្យវិស្វកម្ម អេឡិចត្រូនិកមកពីសាកលវិទ្យាល័យជាតិ ទីក្រុងសេអ៊ូល លោក ឆយ គីយុំាង (Choi Ki-young) ត្រូវបានតែងតាំងជារដ្ឋមន្ត្រីបច្ចេកវិទ្យា និងវិទ្យាសាស្ត្រ ហើយលោក ចូ គុក (Cho Kuk) ជារដ្ឋមន្ត្រីយុត្តិធម៌ជាដើម៕