(វ៉ាស៊ីនតោន)៖ សេតវិមានកំពុងតែពិចារណាលើបទបញ្ជាប្រតិបត្តិមួយ ដែលមានគោលដៅដោះស្រាយភាពលម្អៀងផ្នែក នយោបាយរបស់ក្រុមហ៊ុនបណ្តាញសង្គមធំៗនៅសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មាន Politico នៅព្រឹកថ្ងៃសុក្រ ទី០៩ ខែសីហា ឆ្នាំ២០១៩។
យ៉ាងណាមិញ បើតាមប្រភពដែលបានបង្ហើបឲ្យដឹងពីព័ត៌មានខាងលើ វាមិនទាន់ច្បាស់នោះទេថា នឹងមានការដាក់ពិន័យក្នុងទម្រង់ណាមួយ ប្រឆាំងនឹងក្រុមហ៊ុនទាំងនោះដែរ ឬក៏អត់ឡើយ ព្រោះស្ថិតក្នុងដំណាក់កាលដំបូងនៅឡើយ។ រដ្ឋបាលលោក ត្រាំ និងរូបលោកផ្ទាល់កន្លងមកនេះ បានតែងបានរិះគន់ចំពោះក្រុមហ៊ុនបណ្តាញសង្គមដូចជា Facebook, Twitter, និង YouTube ជុំវិញការរឹតត្បិតលើការបញ្ចេញមតិរបស់ក្រុមអ្នកអភិរក្សនិយម ឬបុគ្គលដែលគាំទ្រលោក ត្រាំ។ ទោះជាបែបនេះក្តី ក្រុមហ៊ុនធំៗទាំងនេះបានច្រានចោលការចោទប្រកាន់នានាថា ពួកគេមានភាពលម្អៀងផ្នែកនយោបាយ និងបានបញ្ជាក់ថា អ្នកប្រើប្រាស់ដែលត្រូវបានប្លុក ឬក៏លុបចោលគឺសុទ្ធតែរំលោភគោលការណ៍ស្តង់ដារសហគមន៍របស់ពួកគេ។
គួរជម្រាបថា កំឡុងកិច្ចប្រជុំមួយនៅសេតវិមានកាលពីខែកក្កដា លោក ដូណាល់ ត្រាំ បានទទូចស្នើឲ្យរដ្ឋបាលលោក ព្យាយាមធ្វើយ៉ាងណាស្វែងរកដំណោះស្រាយ ដើម្បីការពារសេរីភាពនៃការបញ្ចេញមតិរបស់ប្រជាជនអាមេរិកនៅលើបណ្តាញសង្គម៕