Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ជប៉ុនប្រារព្ធខួបឆ្នាំទី៧៤ នៃការទម្លាក់គ្រាប់បែកបរមាណូអាមេរិក លើទីក្រុងណាហ្គាសាគិ (Video inside)

09-08-2019 08:56

(ណាហ្គាសាគិ)៖ ឈានមកដល់ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩ នេះគឺជាខួបឆ្នាំទី៧៤ ហើយ បន្ទាប់ពីសហរដ្ឋអាមេរិក បានទម្លាក់គ្រាប់បែកបរមាណូមួយគ្រាប់លើទីក្រុងណាហ្គាសាគិ (Nagasaki) របស់ប្រទេសជប៉ុន ដែលកាលណោះបានឆក់យកជីវិតមនុស្ស ៧៤,០០០នាក់ នៅចុងសម័យសង្គ្រាមលោកលើកទីពីរ។ ប៉ុន្តែ នេះមិនទាន់រាប់បញ្ចូលចំនួនអ្នកស្លាប់ដោយ សារកើតជំងឺមហារីក បង្កឡើងដោយធាតុវិទ្យុសកម្មផង។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន NHK នាព្រឹកថ្ងៃសុក្រ ទី០៩ ខែសីហា ឆ្នាំ២០១៩។

ពិធីរំលឹកខួបដ៏ឈឺចាប់ប្រចាំប្រវត្តិសាស្ត្រជប៉ុននេះ នឹងត្រូវចាប់ផ្ដើមធ្វើឡើងនៅឯឧទ្យាន សន្តិភាព (Peace Park) ក្នុងទីក្រុង ណាហ្គាសាគិ នៅម៉ោង១០៖៤០នាទីព្រឹក (ម៉ោង នៅជប៉ុន) ដោយមានការចូលរួមផងដែរពីនាយករដ្ឋមន្ត្រីជប៉ុន លោក អាបេ ស៊ីនហ្សូ អ្នកដែលនៅរស់រាន្តមានជីវិតពីការទម្លាក់គ្រាប់បែកបរមាណូ ព្រមទាំងតំណាងរដ្ឋាភិបាលនៃ ប្រទេសចំនួន៧០ផងដែរ។

គួរបញ្ជាក់ថា គ្រាប់បែកអាតូមិកមួយគ្រាប់ ដែលមានស្នូលពោពេញដោយសារធាតុ អ៊ុយរ៉ាញ៉ូម ត្រូវបានយន្តហោះទម្លាក់គ្រាប់បែកសហរដ្ឋអាមេរិក ទម្លាក់លើទីក្រុងហ៊ីរ៉ូស៊ីម៉ា ភាគខាងលិចប្រទេសជប៉ុននៅវេលាម៉ោង ៨៖១៥នាទីព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ១៩៤៥ និងបានសម្លាប់មនុស្សសរុប ១៤០,០០០នាក់។ បន្ថែមពីនេះនៅថ្ងៃទី០៩ ខែសីហា ឆ្នាំដដែល អាមេរិក៏បានទម្លាក់មួយគ្រាប់ទៀត ទៅលើទីក្រុងណាហ្គាសាគិ (Nagasaki) ដែលជាហេតុធ្វើឲ្យជប៉ុនព្រមចុះចាញ់សង្គ្រាមលោកលើកទីពីរ៕