(ម៉ូស្គូ)៖ មនុស្សចំនួន២នាក់បានស្លាប់ និង៦នាក់ទៀតបានរងរបួស ក្នុងហេតុការណ៍ផ្ទុះម៉ាស៊ីនគ្រាប់រ៉ុក្កែត នៅក្លែងធ្វើតេស្តសព្វាវុធមួយកន្លែង ក្នុងតំបន់ Arkhangelsk ភាគខាងជើងប្រទេសរុស្ស៊ី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅយប់ថ្ងៃព្រហស្បតិ៍ ទី០៨ ខែសីហា ឆ្នាំ២០១៩។
ក្រសួងការពារជាតិរុស្ស៊ី បានចេញសេចក្តីថ្លែងការណ៍ឲ្យដឹងថា អ្នករបួសទាំងអស់ត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីប្រព័ន្ធម៉ាស៊ីនគ្រាប់រ៉ុក្កែតប្រភេទ Liquid Propellant បានផ្ទុះនាថ្ងៃព្រហស្បតិ៍នេះ ខណៈមនុស្ស២នាក់បានបាត់បង់ជីវិត ប៉ុន្តែពុំមានការបញ្ចេញសារធាតុគ្រោះថ្នាក់ណាមួយ ទៅក្នុងបរិយាកាសឡើយ ហើយកម្រិតវិទ្យុសកម្មក៏នៅធម្មតាដែរ។
គួរជម្រាបថា យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសរុស្ស៊ី ហេតុការណ៍ផ្ទុះនេះ បានកើតឡើងនៅទីតាំងធ្វើតេស្តសព្វាវុធមួយ របស់យោធារុស្ស៊ី នៅក្បែរភូមិឈ្មោះ Nyonoksa ក្នុងតំបន់ Arkhangelsk។ ទីតាំងនោះ ត្រូវបានយោធារុស្ស៊ីប្រើប្រាស់សម្រាប់ ការសាកល្បងសព្វាវុធ រួមមានដូចជាមីស៊ីលផ្លោងបាលីស្ទិក និងមីស៊ីលប្រដេញចម្ងាយឆ្ងាយជាដើម៕