ការ៉ាកាស់)៖ រដ្ឋាភិបាលក្រុងការ៉ាកាស់បានឲ្យដឹងនៅថ្ងៃពុធសប្តាហ៍នេះថា ខ្លួនបានសម្រេចចិត្តមិនបញ្ជូនគណៈប្រតិភូផ្លូវការណាមួយ ឲ្យទៅចូលរួមកិច្ចចរចានៅជុំបន្ទាប់ ជាមួយក្រុមបក្សប្រឆាំងឡើយ បន្ទាប់ពីសហរដ្ឋអាមេរិកទើបប្រកាសដាក់ទណ្ឌកម្ម និងការតវ៉ាប្រឆាំងទណ្ឌកម្មអាមេរិក កំពុងតែផ្ទុះឡើងនៅក្នុងរដ្ឋធានីការ៉ាកាស់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហ៊ួ នារសៀលថ្ងៃព្រហស្បិ៍ ទី ០៨ ខែសីហា ឆ្នាំ ២០១៩។
បើតាមការគ្រោងទុក កាលបរិច្ឆេទនៃកិច្ចសន្ទនាផ្ទៃក្នុងខាងលើ នឹងត្រូវប្រព្រឹត្តិទៅនៅថ្ងៃប្រហស្បតិ៍ និងសុក្រសប្តាហ៍នេះហើយ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក ហ្សក រ៉ូទ្រីហ្គែស (Jorge Rodriguez) ប្រធានគណៈប្រតិភូតំណាងភាគីរដ្ឋាភិបាលបានឲ្យដឹងថា «លោកប្រធានាធិបតី នីកូឡាស់ ម៉ាឌូរ៉ូ បានសម្រេចចិត្តមិនបញ្ជូនគណៈប្រតិភូរដ្ឋាភិបាល ទៅចូលរួមតុចរចាជាមួយក្រុមបក្សប្រឆាំងឡើយ ដោយសារតែទង្វើបំពានយ៉ាងកម្រោលម្តងហើយ ម្តងទៀតពីសំណាក់រដ្ឋាភិបាលលោក ត្រាំ ប្រឆាំងនឹងប្រទេសវេណេស៊ុយអេឡា»។
គួរជម្រាបផងដែរថា កាលពីថ្ងៃចន្ទ ទី០៥ ខែសីហាកន្លងទៅនេះរដ្ឋបាលលោក ដូណាល់ ត្រាំ បានប្រកាសដាក់ទណ្ឌកម្មថ្មីទៀត តាមរយៈការបង្កកទ្រព្យសម្បត្តិទាំងអស់របស់រដ្ឋាភិបាល វ៉េណេស៊ុយអេឡា ដែលមាននៅក្នុងទឹកដីអាមេរិក ខណៈលោកប្រធានាធិបតី ម៉ាឌូរ៉ូ បានចាត់ទុកថា គឺជាការបំផ្លាញកិច្ចសន្ទនាផ្ទៃក្នុងរបស់ប្រទេសខ្លួន។ ដោយឡែកប្រជាជនដែល គាំទ្ររដ្ឋាភិបាលរបស់លោក ម៉ាឌូរ៉ូ ក៏បានចេញមកប្រមូលផ្តុំគ្នាតវ៉ាយ៉ាងក្តៅគគុកផងដែរ នៅក្នុងរដ្ឋធានីការ៉ាកាស់នៅថ្ងៃពុធសប្តាហ៍នេះ (ពេលវេលានៅអាមេរិកឡាទីន)៕