(បាកដាដ)៖ ការទិញប្រព័ន្ធមីស៊ីលការពារដែនអាកាសរុស្ស៊ី S-400 ដោយប្រទេសអ៊ីរ៉ាក់ គឺត្រូវតែមានការយល់ព្រមពីសភាជាមុនសិន ប៉ុន្តែបច្ចុប្បន្នទីក្រុងបាកដាដមិនមានភាពចាំបាច់ ណាមួយ ដែលតម្រូវឲ្យទិញអាវុធប្រភេទនេះទេ។ នេះបើតាមលោក សាខត ហ្សាំហ្សាល់ឌីន (Sarkawt Shamsulddin) ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៨ ខែសីហា ឆ្នាំ២០១៩។
សមាជិកសភាអ៊ីរ៉ាក់លោក Shamsulddin ធ្វើការអះអាងបែបនេះបន្ទាប់ពីមាន សេចក្ដីរាយការណ៍ជាបន្តបន្ទាប់ថា រដ្ឋាភិបាលទីក្រុងបាកដាដកំពុងពិចារណាទិញ S-400 ដែលជាប្រព័ន្ធមីស៊ីលដែលអាមេរិកស្អប់បំផុតនោះ ពីប្រទេសរុស្ស៊ី។ លោក Shamsulddin បានគូសបញ្ជាក់ប្រាប់ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងសុ្រកយ៉ាងដូច្នេះថា «ជាការពិតណាស់ អ៊ីរ៉ាក់អាចនឹងទិញ S-400 ពីរុស្ស៊ីនៅពេលអនាគត បើសិនជាចាំបាច់ដើម្បីការពារសន្តិសុខជាតិ ប៉ុន្តែត្រូវមានការយល់ព្រមពីសភា»។
ទោះជាយ៉ាងនេះក្ដី លោក Shamsulddin ក៏បានសង្កត់ធ្ងន់ដែរថា បច្ចុប្បន្នអ៊ីរ៉ាក់មិនមានភាព ចាំបាច់ទិញប្រព័ន្ធមីស៊ីលនេះទេ ដ្បិតមិនចង់ឱ្យប៉ះពាល់ដល់ទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក ដែលកន្លងមកតែងតែព្រមានដាក់ទណ្ឌកម្ម រាល់ប្រទេសទាំងឡាយណាដែលទិញអាវុធពីរុស្ស៊ី។
គួរជម្រាបថា កាលពីខែឧសភាកន្លងទៅ អគ្គរដ្ឋទូតអ៊ីរ៉ាក់ប្រចាំប្រទេសរុស្ស៊ី លោក ហៃដា ហាឌី (Haidar Hadi) ធ្លាប់បានឱ្យដឹងថា ទីក្រុងបាកដាដមិនទាន់សម្រេចចិត្តថា ទិញ ឬមិនទិញ S-400 ពីទីក្រុងម៉ូស្គូឡើយ ប៉ុន្តែលោកក៏បានបញ្ជាក់ថា រាល់ការសម្រេចចិត្តបែបណានោះ វាគឺជាសិទ្ធិរបស់អ៊ីរ៉ាក់ និងអាស្រ័យទៅលើភាពចាំបាច់របស់ជាតិ ស្របពេលប្រទេសតួកគី ចិន និងឥណ្ឌា សុទ្ធតែកំពុងប្រឈមមុខនឹងទណ្ឌកម្មអាមេរិក ដោយសារតែសំណុំរឿង S-400 នេះ៕