(តៃប៉ិ)៖ ថ្ងៃព្រហស្បតិ៍នេះ ព្យុះទីហ្វុងដ៏មានឥទ្ធិពលមួយនឹងបោកបក់ទៅដល់កោះតៃវ៉ាន់ ដែលអាចបង្កជាហានិភ័យផ្សេងៗ ខណៈអាជ្ញាធរកោះតៃវ៉ាន់បានអំពាវនាវឲ្យមនុស្សម្នា ដែលមានការប្រុងប្រយ័ត្នខ្ពស់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃព្រហស្បតិ៍ ទី០៨ ខែសីហា ឆ្នាំ២០១៩។
បើតាមទីភ្នាក់ងារឧតុនិយមតៃវ៉ាន់ ព្យុះទីហ្វុងឈ្មោះ Lekima ដែលមានឥទ្ធិពលយ៉ាងខ្លាំងសម្បើម នឹងធ្វើដំណើរមកដល់ក្បែរឆ្នេរភាគឦសាននៃដែនដីកោះនេះ ខណៈវាកំពុងមានល្បឿន១៥គីឡូម៉ែត្រក្នុងមួយម៉ោង ជាមួយកម្លាំងខ្យល់អតិបរមារហូតដល់២២៧គីឡូម៉ែត្រក្នុងមួយម៉ោង។
អាជ្ញាធរតៃវ៉ាន់ បានសេចក្តីប្រកាសឲ្យមនុស្សម្នា នៅតាមតំបន់ភាគខាងជើង រួមទាំងទីក្រុងតៃប៉ិបង្កើនការប្រុងប្រយ័ត្នខ្ពស់។ មនុស្សជាង១,៥០០នាក់ ភាគច្រើនជាទេសចរ នៅតាមបណ្តាកោះភាគខាងកើតតៃវ៉ាន់ ក៏ត្រូវបានជម្លៀសទៅកាន់ទីសុវត្ថិភាព ហើយកងទ័ពត្រូវបានដាក់ពង្រាយ ដើម្បីត្រៀមជួយសង្រ្គោះ ក្នុងករណីមានទឹកជន់។
កាលពីទាបភ្លឺថ្ងៃព្រហស្បតិ៍នេះ នៅភាគឦសានកោះតៃវ៉ាន់ ក៏បានទទួលរងការវាយប្រហារពីគ្រោះរញ្ជួយដីកម្រិត៥.៩រ៉ិចទ័រផងដែរ ខណៈតៃវ៉ាន់កំពុងតែត្រៀមខ្លួនសម្រាប់ព្យុះទីហ្វុងខាងលើ។ រញ្ជួយដីនោះ បានកាត់ផ្តាច់ចរន្តអគ្គិសនីសម្រាប់អគារជាង១០,០០០ខ្នង ហើយធ្វើឲ្យមនុស្សម្នាក់បាត់បង់ជីវិត។
គួរជម្រាបថា បន្ទាប់ពីតៃវ៉ាន់ ព្យុះទីហ្វុងខាងលើនឹងបន្តឆ្ពោះទៅទីក្រុងសៀងហៃប្រទេសចិន នៅកំឡុងចុងសប្តាហ៍នេះ៕