(ម៉ានីល)៖ នាថ្ងៃពុធម្សិលមិញនេះ នាវាដឹកយន្តហោះចម្បាំងអាមេរិក USS Ronald Reagan បានដឹកនាំនាវាយោធាប៉ុន្មានគ្រឿងទៀត រួមមាននាវាបំពាក់មីស៊ីលប្រដេញ USS Chancellorville និង USS Antietam ចូលចតជាថ្មីម្តងទៀត នៅកំពង់ផែរបស់ទីក្រុងម៉ានីលនៃប្រទេសហ្វីលីពីន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Rappler នៅថ្ងៃព្រហស្បតិ៍ ទី០៨ ខែសីហា ឆ្នាំ២០១៩។
គោលដៅផ្លូវការរបស់ក្រុមនាវាដឹកយន្តហោះចម្បាំងអាមេរិក Ronald Reagan ក្នុងការធ្វើទស្សនកិច្ចនៅទីក្រុងម៉ានីល គឺជាការចូលចតសម្រាកពីភារកិច្ចល្បាតរបស់ខ្លួននៅលើផ្ទៃសមុទ្រ ដើម្បីអនុញ្ញាតឲ្យនាវិកប្រមាណជាង៥,០០០នាក់ បន្ធូរបរិយាកាស។ កំឡុងឱកាសនេះ កម្មវិធីមួយចំនួននឹងត្រូវរៀបចំឡើងជាមួយកងទ័ពជើងទឹករបស់ហ្វីលីពីន។
គួរជម្រាបថា ក្រុមនាវាដឹកយន្តហោះចម្បាំងអាមេរិកខាងលើ បានមកដល់ប្រទេសហ្វីលីពីន ក្រោយពីបានធ្វើដំណើរឆ្លងកាត់ដែនសមុទ្រចិនខាងត្បូង ដែលមានបញ្ហាវិវាទ ដោយក្នុងនោះប្រទេសពាក់ព័ន្ធរួមមានទាំងចិននិងហ្វីលីពីន។ វាគឺជាលើកទីពីរហើយ ដែលនាវា USS Ronald Reagan បានចូលចតនៅទីក្រុងម៉ានីល ដោយលើកដំបូងគឺកាលពីខែមិថុនា ឆ្នាំ២០១៨៕