(សេអ៊ូល)៖ ទីក្រុងសេអ៊ូលនាថ្ងៃព្រហស្បតិ៍នេះបានប្រាប់ឲ្យដឹងថា ជប៉ុនបានសម្រេចផ្តល់ការអនុញ្ញាតជាលើកដំបូង សម្រាប់ការនាំចេញវត្ថុធាតុដើមបច្ចេកវិទ្យាមួយប្រភេទមកកាន់កូរ៉េខាងត្បូង គិតចាប់តាំងតែពីទីក្រុងតូក្យូ កាលពីខែកក្កដា បានរឹតបន្តឹងការនាំចេញវត្ថុធាតដើមចំនួន ០៣មុខ ដែលចាំបាច់ក្នុងការផលិតបន្ទះឈីប និងផ្ទៃអេក្រង់ដល់កូរ៉េខាងត្បូងនោះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៨ ខែសីហា ឆ្នាំ២០១៩។
នាយករដ្ឋមន្រ្តីកូរ៉េខាងត្បូង លោក លី ណាក់យ៉ុន (Lee Nak-Yeon) បាននិយាយថា ការអនុញ្ញាតខាងលើត្រូវបានធ្វើឡើងកាលពីថ្ងៃពុធម្សិលមិញ សម្រាប់ការនាំចេញវត្ថុធាតុដើមបច្ចេកវិទ្យាហៅថា EUV ផូថូរ៉េស៊ីស (EUV photoresist) ដែលមានសារសំខាន់ជាខ្លាំងនៅក្នុងការផលិតបន្ទះឈីប របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់កូរ៉េខាងត្បូង Samsung។ លោក Lee បានបញ្ជាក់ថា រដ្ឋាភិបាលលោកកំពុងខិតខំបង្កើនកិច្ចប្រឹងប្រែង ដើម្បីលុបចោលការដាក់កំហិតនាំចេញនេះវិញ។
គួរជម្រាបថា ក្រៅពីនេះដាក់កំហិតលើការនាំចេញវត្ថុធាតុដើមបច្ចេកវិទ្យា ដែលចាំបាច់សម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាកូរ៉េខាងត្បូង ជប៉ុនក៏ទើបតែបានដកឈ្មោះកូរ៉េខាងត្បូងចេញពី «បញ្ជីសពាណិជ្ជកម្ម» ដែលអនុគ្រោះដល់ដំណើរការនាំចេញផលិតផល ពីប្រទេសជប៉ុនជារួមផងដែរ។ ទោះបីជាបែបនេះក្តី ការអនុញ្ញាតខាងលើនេះអាចជាសញ្ញាវិជ្ជមានមួយ ដើម្បីឈានទៅដល់ស្រាយវិវាទពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ខណៈអ្នកជំនាញជាច្រើនបានព្រមានអំពីវិបត្តិធ្ងន់ធ្ងរ ប្រសិនបើជម្លោះប្រទេសបច្ចេកវិទ្យាយក្សទាំងពីរនេះកាន់តែរីកធំឡើងៗនោះ៕