(វ៉ាស៊ីនតោន)៖ រដ្ឋាភិបាលអាមេរិកបានអនុម័តហើយលើការលក់ឧទ្ធម្ភាគចក្រ មានតម្លៃរាប់រយលានដុល្លារឱ្យកូរ៉េខាងត្បូង ចំពេលដែលភាពតានតឹងនៅលើឧបទ្វីបកូរ៉េកើនកម្ដៅឡើងវិញ ក្រោយកូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលជាបន្តបន្ទាប់ ដើម្បីសម្ដែងការខឹងសម្បារនឹងសមយុទ្ធយោធារវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងសេអ៊ូល។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន South China Morning Post នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៨ ខែសីហា ឆ្នាំ២០១៩។
យោងតាមទីភ្នាក់ងារកិច្ចសហប្រតិបតិ្តការសនិ្តសុខការពារជាតិ នៃមន្ទីរបញ្ចកោណ ក្រសួងការបរទេសអាមេរិកបានយល់ព្រម លក់ឧទ្ធម្ភាគចក្រពហុបេសកកម្មធុន MH-60R ចំនួន១២គ្រឿង រួមទាំងបរិក្ខាពាក់ព័ន្ធដូចជា រ៉ាដា និងប្រព័ន្ធទំនាក់ទំនងដែលមានតម្លៃ ៨០០លានដុល្លារឱ្យកូរ៉េខាងត្បូង។ MH-60R គឺជាប្រភេទឧទ្ធម្ភាគចក្រប្រើបានក្នុង បេសកកម្មជាច្រើន ក្នុងនោះរួមមានទាំងបេសកកម្មប្រឆាំងនាវាមុជទឹក, ស្វែងរក និងជួយសង្រ្គោះជាដើម។
គួរជម្រាបថា ការប្រកាសពីការយល់ព្រមលក់ឧទ្ធម្ភាគចក្រឱ្យកូរ៉េខាងត្បូង ធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ អះអាងថា ទីក្រុងសេអ៊ូលយល់ព្រមបង់ថ្លៃការពារបន្ថែម រហូតដល់ទៅ ៩២៣លានដុល្លារក្នុងឆ្នាំ២០១៩នេះ ដល់កងទ័ពអាមេរិកជាង ២៨,៥០០នាក់កំពុងឈរជើងនៅកូរ៉េខាងត្បូង៕