(វ៉ាស៊ីនតោន)៖ ក្រោយករណីបាញ់សម្លាប់មនុស្សយ៉ាងរង្គាល ផ្ទុះឡើងជាថ្មីម្តងទៀតនៅសហរដ្ឋអាមេរិក សកម្មជននយោបាយអាមេរិកម្នាក់ឈ្មោះ ប្រ៊ែដ ឡេធិម (Brad Lathem) បានបង្ហាញការយល់ឃើញថា ដើម្បីដោះស្រាយបញ្ហាអំពើហិង្សាដោយកាំភ្លើង និងការបាញ់ សម្លាប់មនុស្សក្នុងចំនួនច្រើនបែបនេះ អាមេរិកចាំបាច់ត្រូវតែដោះស្រាយបញ្ហាស្នូល នោះគឺការរើសអើងពូជសាសន៍ និងការស្អប់ខ្ពើមនៅក្នុងសង្គមនៃប្រទេសបិតាប្រជាធិបតេយ្យនេះផ្ទាល់។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៨ ខែសីហា ឆ្នាំ២០១៩។
លោក Lathem បានលើកឡើងថា មិនបាច់សង្ស័យច្រើននោះឡើយ គឺខ្មាន់កាំភ្លើងក្នុងករណីបាញ់ប្រហារនៅទីក្រុង អ៊ែលផេសូ (El Paso) ត្រូវបានជំរុញដោយ «គោលគំនិតពួកស្បែកសនិយមជ្រុល» ប៉ុន្តែអ្នកនយោបាយអាមេរិក ទាំងខាងបក្សសាធារណរដ្ឋ និងបក្ស ប្រជាធិបតេយ្យបែរជាបន្ទោសលើបញ្ហាផ្លូវចិត្ត និងវីដេអូហ្គេមឯណោះវិញ ជាជាងផ្តោតលើការដោះស្រាយបញ្ហាស្នូល ដូចជាការើសអើងពូជសាសន៍ គឺគោលគំនិតពួកស្បែកសនិយមជ្រុលជាដើម ព្រមទាំងការស្អប់ខ្ពើមនៅក្នុងសង្គមអាមេរិក ដែលបានចាក់ឬសគល់យ៉ាងជ្រៅ នៅពីក្រោយករណីបាញ់សម្លាប់មនុស្សយ៉ាងរង្គាលទាំងនេះ។
គួរជម្រាបថា កាលពីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យសប្តាហ៍មុន ករណីបាញ់ប្រហារយ៉ាងក្រើកបានកើតឡើង នៅទីក្រុង El Paso នៃ រដ្ឋតិចសាស់ (Texas) និងនៅទីក្រុង ដេយតុន (Dayton) នៃរដ្ឋអូហៃយ៉ូ (Ohio) ដែលបានផ្តាច់ជីវិតមនុស្សសរុប ៣១នាក់ និងបង្កឲ្យរបួសជាច្រើននាក់ទៀត។ ក្រោយករណីបាញ់ប្រហារដ៏អាក្រក់បំផុតនេះ រដ្ឋបាលលោក ដូណាល់ ត្រាំ បានទទួលរងសម្ពាធកាន់តែធ្ងន់ រហូតបង្ខំឲ្យលោកចេញមុខស្នើឲ្យមានការរឹតបន្តឹងការគ្រប់គ្រងអាវុធ ដែលត្រូវផ្សារភ្ជាប់ជាមួយកំណែទម្រង់ការធ្វើអន្តោប្រវេសន៍៕