(ប៉េកាំង)៖ រយៈពេលជាងកន្លះឆ្នាំមកនេះ យានរុករក Yutu-2 របស់ចិន ធ្វើដំណើរនៅលើផ្ទៃព្រះច័ន្ទបាន ២៧១ម៉ែត្រហើយ ដែលវាត្រូវតស៊ូការលំបាកនេះ ទៅមុខទៀតដើម្បីធ្វើការស្រាវជ្រាវតំបន់ ដែលគ្មានប្រទេសណាផ្សេងធ្លាប់បានទៅដល់នោះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៨ ខែសីហា ឆ្នាំ២០១៩។
កាលពីថ្ងៃពុធសប្តាហ៍នេះ យាន Yutu-2 និងយានចុះចត (Lander) ស្ថិតនៅក្នុងចង្កោមនៃបេសកកម្ម ឆាងអឺ ៤ (Chang'e-4) បានសម្រាកដំណើរការជាថ្មីម្តងទៀត ខណៈពេលវេលាយប់នៅលើឋានព្រះច័ន្ទបានចូលមកដល់។ យប់នៅព្រះច័ន្ទស្មើនឹង ១៤ថ្ងៃនៅលើផែនដី ហើយពេលថ្ងៃក៏មានរយៈពេលដូចគ្នាដែរ។ ឲ្យតែពេលយប់មកដល់ យានទាំងពីរគ្រៀងនៃបេសកកម្ម Chang'e-4 បានសម្រាកដំណើរការ ដោយសារតែខ្វះថាមពលពន្លឺព្រះអាទិត្យ។
គួរជម្រាបថា បេសកកម្ម Chang'e-4 ត្រូវបានបញ្ជូនចេញពីផែនដីកាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៨។ វាបានចុះចតទៅរណ្តៅ វ៉ុនកាមែន (Von Karman) ដែលនៅផ្ទៃមួយចំហៀងទៀតរបស់ព្រះច័ន្ទ កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៩។ ប្រការនេះធ្វើឲ្យចិនក្លាយជាប្រទេសដំបូងគេ ដែលមានយានរ៉ូបូតធ្វើប្រតិបត្តិការ នៅតំបន់នោះ៕