(អ៊ីស្លាម៉ាបាត)៖ រដ្ឋាភិបាលប៉ាគីស្ថាន បានសម្រេចចិត្តបណ្ដេញមន្ត្រីទូតឥណ្ឌា ជាន់ខ្ពស់ម្នាក់ចេញពីប្រទេស ហើយកោះហៅអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំទីក្រុងញូដេលី ត្រឡប់ចូលស្រុកវិញ ជាការសម្ដែងការប្រឆាំងជំទាស់ទៅនឹងឥណ្ឌា ដែលដកសិទ្ធិ ស្វ័យភាពពីតំបន់កាស្មៀ ដែលខ្លួនកំពុងគ្រប់គ្រង។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន RT នៅថ្ងៃព្រហស្បតិ៍ ទី០៨ ខែសីហា ឆ្នាំ២០១៩។
ការសម្រេចចិត្តខាងលើ ត្រូវបានធ្វើឡើង នៅថ្ងៃពុធសប្ដាហ៍នេះ ក្រោយកិច្ចប្រជុំមួយ របស់គណៈកម្មាធិការសនិ្តសុខជាតិប៉ាគីស្ថាន។ មិនតែប៉ុណ្ណោះ គណៈកម្មាធិការនេះ ក៏បានសម្រេចកាត់បន្ថយទំនាក់ទំនងទូត ក៏ដូចជាផ្អាកការធ្វើពាណិជ្ជកម្មជាមួយឥណ្ឌា ផងដែរ ខណៈប្រជាជននៅក្នុងតំបន់កាស្មៀ កំពុងព្រួយបារម្ភខ្លាចក្រែងជម្លោះប្រដាប់ អាវុធរវាងប្រទេសទាំងពីរផ្ទុះឡើង។
គួរបញ្ជាក់ថា តំបន់កាស្មៀនៅខាងប៉ែកគ្រប់គ្រងដោយឥណ្ឌា បានបិទច្រកចេញចូល ចាប់តាំងពីថ្ងៃចន្ទ មកម្លេះ បន្ទាប់ពីរដ្ឋាភិបាលទីក្រុង ញូដេលី លុបចោលលក្ខខន្តិកៈ ពិសេសដែលផ្ដល់សិទ្ធិស្វ័យភាពមួយចំនួនដល់តំបន់មួយនេះ។ បន្ថែមពីលើនេះ បណ្ដាញសេវាទូរស័ព្ទ និងអ៊ិនធឺណែត ក៏ត្រូវបានកាត់ផ្ដាច់ផងដែរចាប់តាំងពីល្ងាចថ្ងៃអាទិត្យមក ហើយកងទ័ពឥណ្ឌារាប់រយនាក់ត្រូវបានដាក់ពង្រាយនៅតាមដងផ្លូវ៕