(តែលអាវីវ)៖ ក្រុមហ៊ុនផលិតសព្វាវុធបម្រើវិស័យការពារជាតិអ៊ីស្រាអែល អ៊ែលប៊ីត (Elbit Systems) នាថ្ងៃពុធនេះបាននិយាយថា ខ្លួនទើបទទួលបានកិច្ចសន្យាទំហំ ៨០លានដុល្លារ ដើម្បីដំឡើងសមត្ថភាពរថក្រោះឲ្យយោធា នៅប្រទេសមួយស្ថិតក្នុងតំបន់អាស៊ីអាគ្នេយ៍។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅល្ងាចថ្ងៃពុធ ទី០៧ ខែសីហា ឆ្នាំ២០១៩។

នៅក្រោមកិច្ចសន្យានោះ ក្រុមហ៊ុន Elbit Systems នឹងត្រូវផ្គត់ផ្គង់ប្រព័ន្ធបូករួមទាំងគ្រឿងបរិក្ខាថ្មីៗ សម្រាប់បំពាក់នៅលើរថក្រោះរបស់ យោធាប្រជាជាតិអាស៊ីអាគ្នេយ៍មួយ ដែលមិនត្រូវបានគេបង្ហើបឲ្យដឹងឈ្មោះនោះឡើយ។ លោក បេហ្សាឡែល ម៉ាឈ្លីស (Bezhalel Machlis) ដែលអគ្គនាយកក្រុមហ៊ុន Elbit បានសម្តែងការស្វាគមន៍ និងសាទរចំពោះការទទួលបានកិច្ចសន្យានេះដោយថា វានឹងជួយលើកមុខមាត់ក្រុមហ៊ុនលោក ឲ្យលេចធ្លោថែមមួយកម្រិតទៀត។

គួរជម្រាបថា ក្រុមហ៊ុន Elbit Systems ដែលជាក្រុមហ៊ុនផ្នែកសន្តិសុខ និងផលិតសព្វាវុធដ៏ល្បីបំផុតមួយរបស់អ៊ីស្រាអែល មានទីស្នាក់ការកណ្តាលនៅទីក្រុង ហៃហ្វា (Haifa) ភាគខាងជើងប្រទេសមជ្ឈិមបូព៌ានេះ៕