(វ៉ាស៊ីនតោន)៖ ទាំងតំណាងរាស្រ្តបក្សសាធារណរដ្ឋ និងបក្សប្រជាធិបតេយ្យ កំពុងតែគ្រោងបង្ខំឲ្យប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ដាក់ទណ្ឌកម្មលើតួកគី ប្រសិនបើលោកមិនអាចបញ្ជាក់ច្បាស់ៗឲ្យបានឆាប់ អំពីមធ្យោបាយដាក់ពិន័យលើទីក្រុងអង់ការ៉ា ជុំវិញការទិញប្រព័ន្ធមីស៊ីលការពារអាកាស S-400 ពីប្រទេសរុស្ស៊ី ដែលត្រូវបានចាត់ទុកថា ជាទង្វើនាំឲ្យខូចយុទ្ធសាស្ត្រនៃអង្គការ NATO ទេនោះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានអាមេរិក The Washington Post នៅល្ងាចថ្ងៃពុធ ទី០៧ ខែសីហា ឆ្នាំ២០១៩។
ក្រុមតំណាងរាស្រ្តនៃគណបក្សនយោបាយទាំងពីរ របស់អាមេរិកបានលើកឡើងថា បើសិនជាមិនអាចជៀសផុត ពួកគេនឹងត្រូវរៀបចំច្បាប់មួយដែលនឹងបង្ខំឲ្យលោក ដូណាល់ ត្រាំ យល់ព្រមដាក់ទណ្ឌកម្មទៅលើតួកគី ដោយសារតែការរឹងទទឹងទទួលយកប្រព័ន្ធ S-400 ពីប្រទេសរុស្ស៊ី។ កាលពីខែមុនលោក ដូណាល់ ត្រាំ ធ្លាប់បានប្រាប់ហើយថា សេតវិមានកំពុងតែពិចារណាលើលទ្ធភាព នៃការដាក់ទណ្ឌកម្មលើតួកគីពាក់ព័ន្ធបញ្ហាប្រព័ន្ធ S-400 របស់រុស្ស៊ី ប៉ុន្តែមិនទាន់មានការសម្រេចចុងក្រោយនៅឡើយទេ។ ច្បាប់ឈ្មោះថា CAATSA ដែលត្រូវបានអនុម័តកាលពីឆ្នាំ២០១៧ អនុញ្ញាតឲ្យរដ្ឋាភិបាលអាមេរិក ដាក់ទណ្ឌកម្មជាលក្ខណៈឯកតោភាគី លើប្រទេសណាក៏ដោយដែលទិញសព្វាវុធ ឬបរិក្ខាយោធាពីរុស្ស៊ី។
គួរជម្រាបថា បន្ទាប់ពីរដ្ឋាភិបាលទីក្រុងអង់ការ៉ា ឈោងដៃទទួលយកប្រព័ន្ធ S-400 ពីរុស្ស៊ី កាលពីខែកក្កដាកន្លងទៅ អាមេរិកបានសម្រេចទាត់តួកគីចេញពីកម្មវិធីអភិវឌ្ឍន៍ យន្តហោះចម្បាំង F-35 និងប្រកាសលែងលក់យន្តហោះចម្បាំង-បំបាំងកាយនេះឲ្យតួកគី។ តួកគីបានចាត់ទុក ទង្វើនេះថា ជាសកម្មភាពដែលអាចបំផ្លាញទំនាក់ទំនង រវាងប្រទេសទាំងពីរ៕