(ប៉េកាំង)៖ ប្រាក់យ័នរបស់ចិននៅថ្ងៃពុធនេះ នៅតែបន្តធ្លាក់ថ្លៃដោយមកនៅត្រឹម ៧.០៤៨៨យ័ន ក្នុងមួយដុល្លារអាមេរិក ឬស្មើនឹង ០.៤ភាគរយទាបជាងតម្លៃនៃអាត្រាប្ដូរប្រាក់ កាលពីថ្ងៃអង្គារសប្តាហ៍នេះទៅទៀត។ នេះបើតាមទិន្នន័យពីធនាគារកណ្ដាលចិន ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃពុធ ទី០៧ ខែសីហា ឆ្នាំ២០១៩។
យោងតាមធនាគារកណ្ដាលចិន តម្លៃប្រាក់យ័ននៅពេលទីផ្សារភាគហ៊ុនបើកទ្វារកាលពីថ្ងៃអង្គារ ស្ថិតនៅអាត្រា ៦.៩៩៩៦យ័នក្នុងមួយដុល្លារអាមេរិក ហើយនេះគឺជាការធ្លាក់ចុះតម្លៃទាប បំផុតមួយចាប់តាំងពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០០៨។ ដោយឡែក ទីក្រុងវ៉ាស៊ីនតោនបានចោទប្រកាន់ចិនថា កំពុងកេងចំណេញពាណិជ្ជកម្មពីសហរដ្ឋអាមេរិក តាមរយៈការទម្លាក់តម្លៃប្រាក់យ័ននេះ រហូតដល់ក្រសួងរតនាគារជាតិអាមេរិកបញ្ចូលចិន ទៅក្នុងបញ្ជីខ្មៅនៃ «ប្រទេសបំភ្លៃរូបិយវត្ថុ»។
ជាការឆ្លើយតបនៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ធនាគារកណ្ដាលចិនបានថ្កោលទោសយ៉ាងខ្លាំង ចំពោះការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក ហើយអះអាងថា ការចាត់ទុកចិនជាប្រទេសបំភ្លៃរូបិយវត្ថុ មានតែនឹងបំផ្លាញដល់សណ្ដាប់ធ្នាប់ នៃទីផ្សារហិរញ្ញវត្ថុ ព្រមទាំងសេដ្ឋកិច្ច និងពាណិជ្ជកម្មពិភពលោកតែប៉ុណ្ណោះ។ ការទម្លាក់តម្លៃ រូបិយវត្ថុជាទូទៅត្រូវបានប្រទេសមួយអនុវត្តន៍ ក្នុងគោលបំណងបង្កើនការនាំចេញទៅកាន់ទីផ្សារ អន្តរជាតិ និងធ្វើឱ្យទំនិញរបស់ខ្លួនមានតម្លៃទាក់ទាញជាងគូប្រជែង៕