(ប៉ាពួញូហ្គីណេ)៖ រដ្ឋាភិបាលថ្មីរបស់ប៉ាពួញូហ្គីណេ បានស្នើដល់រដ្ឋាភិបាលទីក្រុងប៉េកាំង ឲ្យជួយផ្តល់កម្ចីហិរញ្ញវត្ថុទំហំ ០៨ពាន់លានដុល្លារអាមេរិកសាជាថ្មីដោយសង្ឃឹមថា នឹងអាចទទួលបានការប្រាក់ទាបជាងមុន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នៅរសៀលថ្ងៃពុធ ទី០៧ ខែសីហា ឆ្នាំ២០១៩។
នាយករដ្ឋមន្រ្តីថ្មីនៃប្រទេសប៉ាពួញូហ្គីណេ លោក ចេមស៍ ម៉ារ៉េប (James Marape) នាថ្ងៃអង្គារសប្តាហ៍នេះបានប្រកាសថា លោកបានស្នើដល់ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅប្រទេសលោក ឲ្យជួយសម្រួលដល់ការផ្តល់កម្ចីហិរញ្ញវត្ថុទំហំ ០៨ពាន់លានដុល្លារសាជាថ្មីឡើងវិញ។ ប្រទេសប៉ាពួញូហ្គីណេបច្ចុប្បន្ន កំពុងប្រឈមនឹងបញ្ហាផ្នែកសេដ្ឋកិច្ច ដោយត្រូវបង់ការប្រាក់នៃបំណុលរបស់ខ្លួន ក្នុងកម្រិតស្មើនឹង ១៥ភាគរយនៃកញ្ចប់ថវិកាប្រចាំឆ្នាំរបស់រដ្ឋាភិបាល។
គួរជម្រាបថា ប៉ាពួញូហ្គេណេព្រមទាំងប្រជាជាតិដទៃទៀតនៅតំបន់ប៉ាស៊ីហ្វិក គឺចំណុចដ៏សំខាន់មួយនៃការប្រជែងឥទ្ធិពលគ្នា រវាងចិន និងសហរដ្ឋអាមេរិក។ យ៉ាងណាមិញ កម្ចីហិរញ្ញវត្ថុពីចិនគឺស្មើនឹង ០៧ភាគរយនៃបំណុលសរុបរបស់ប៉ាពួញូហ្គីណេ ដែលជំពាក់បរទេសតែប៉ុណ្ណោះ។ បន្ថែមពីការស្នើសុំប្រាក់កម្ចីពីចិននេះ ប៉ាពួញូហ្គីណេក៏បានអំពាវនាវឲ្យប្រទេសចិន ជួយធ្វើការវិនិយោគផ្នែកវិស័យរុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងធនធានមនុស្សផងដែរ៕