(វ៉ាស៊ីនតោន)៖ យោងតាមមន្ទីរការពារជាតិបញ្ចកោណអាមេរិកបានឲ្យដឹងថា ក្រុមហ៊ុនផលិតអាវុធដ៏ធំរបស់សហរដ្ឋអាមេរិក ឡុកឃីដម៉ាទីន (Lockheed Martin) ទទួលបានកិច្ចសន្យាដែលមានតម្លៃជាង ៤០០លានដុល្លារអាមេរិក សម្រាប់ការផ្គត់ផ្គង់គ្រឿងបន្លាស់ និងឧបករណ៍សម្រាប់ការធ្វើតេស្តមីស៊ីលរយៈចម្ងាយមធ្យម ទៅឲ្យមន្ទីរបញ្ចកោណ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Sputnik នារសៀលថ្ងៃពុធ ទី០៧ ខែសីហា ឆ្នាំ២០១៩។
កិច្ចសន្យាខាងលើត្រូវបានធ្វើឡើងមិនដល់មួយសប្តាហ៍ផង បន្ទាប់ពីសហរដ្ឋអាមេរិក បានដកខ្លួនចេញជាស្ថាពរពីសន្ធិសញ្ញាហាមឃាត់មីស៊ីលបំពាក់អាវុធនុយក្លេអ៊ែររយៈចម្ងាយមធ្យម (INF) កាលពីថ្ងៃសុក្រ ទី០២ ខែសីហា។ ប្រការនេះត្រូវបានគេមើលឃើញថា ដូចជាការសម្លាប់កិច្ចព្រមព្រៀងមួយ ដែលបានផ្តល់ស្ថេរភាព និងសន្តិភាពដល់អឺរ៉ុបក្នុងរយៈកាល ៣២ឆ្នាំកន្លងមកនេះដែរ។
សម្រាប់ភាគីរុស្ស៊ី និងចិន ការសម្រេចចិត្តរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ដកខ្លួនចេញពីសន្ធិសញ្ញា INF ខាងលើ គឺដើម្បីអនុញ្ញាតឱ្យរដ្ឋាភិបាលមួយនេះ អាចអភិវឌ្ឍអាវុធនុយក្លេអ៊ែរចល័តចម្ងាយមធ្យមជំនាន់ថ្មី និងកាំជ្រួចមីស៊ីលធម្មតាដើម្បីជំនួស អាវុធប្រភេទ ភើស៊ីង ២ (Pershing II) ដែលត្រូវបានបោះបង់ចោលក្រោមសន្ធិសញ្ញាខាងលើ។ ដោយឡែកអាវុធបែបនេះ អាចនឹងត្រូវបានដាក់ពង្រាយ ដើម្បីគំរាមកំហែងដល់រុស្ស៊ីនិងចិន។
គួរបញ្ជាក់ថា គ្រាន់តែអាមេរិកដកខ្លួនពី INF ភ្លាម រុស្ស៊ីក៏ប្រកាសដកខ្លួនចេញជាស្ថាពរដូចគ្នា ហើយក៏បានគំរាមអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែរ ទៅវិញទៅមកផងដែរ។ បើតាមអ្នកវិភាគកន្លងមក ការដកខ្លួនរបស់អាមេរិកនេះ មិនមែនដើម្បីតែទប់ទល់ជាមួយរុស្ស៊ីនោះឡើយ ប៉ុន្តែប្រទេសចិន គឺជាបញ្ហាធំមួយទៀតសម្រាប់សហរដ្ឋអាមេរិក ជាពិសេសទៅលើការរក្សាឥទ្ធិពលរបស់ទីក្រុងវ៉ាស៊ីនតោន ទៅលើតំបន់អាស៊ីតែម្តង៕