(ឌូបៃ) ៖ ប្រទេសអារ៉ាប៊ីសាអូឌីតបានដាក់ប្រាក់ចំនួន ២៥០លានដុល្លារ ចូលទៅក្នុងធនាគារជាតិរបស់ប្រទេសស៊ូដង់ ដើម្បីគាំទ្រតួនាទីហិរញ្ញវត្ថុរបស់ស៊ូដង់ ចំពោះមុខវិបត្តិសេដ្ឋកិច្ចដ៏ខ្មៅងងឹត។ នេះបើតាមការបញ្ជាក់ពីក្រសួងហិរញ្ញវត្ថុអារ៉ាប៊ីសាអូឌីត ដែលត្រូវបានដកស្រង់ដោយទីភ្នាក់ងារព័ត៌មាន Reuters នាព្រឹកថ្ងៃពុធ ទី០៧ ខែសីហា ឆ្នាំ២០១៩។

ការដាក់ប្រាក់នេះ គឺជាផ្នែកមួយនៃកញ្ចប់ថវិកាមួយ ជាមួយប្រទេសអេមីរ៉ាត់អារ៉ាប់រួមមានតម្លៃ ៥០០លានដុល្លារអាមេរិក ដែលត្រូវបានប្រកាសកាលពីខែមេសាកន្លងទៅ។ ប្រទេសទាំងពីរបានប្តេជ្ញាផ្តល់ជំនួយសរុប ៣ពាន់លានដុល្លារអាមេរិក សម្រាប់ប្រើប្រាស់ទៅលើប្រេងឥន្ធនៈ ស្រូវសាលី និងឱសថសម្រាប់ប្រទេស ដែលកំពុងរងវិបត្តិធ្ងន់ធ្ងរនៅតំបន់អាហ្វ្រិកមួយនេះ។

ប្រាក់ដាក់តម្កល់នេះ មិនមែនជាការផ្តល់ជំនួយទៅកាន់ស៊ូដង់នោះទេ ប៉ុន្តែវាត្រូវប្រើប្រាស់ជារបៀបប្រាក់កម្ចី។ នេះបើតាមសម្តីមន្ត្រីក្រសួងហិរញ្ញវត្ថុ អារ៉ាប៊ីសាអូឌីត បានប្រាប់អ្នកសារព័ត៌មាន។ បន្ថែមពីនេះ វាមានគោលបំណងកាត់បន្ថយសម្ពាធលើ​ប្រាក់ផោនស៊ូដង់ និងសម្រេចបាននូវស្ថេរភាពអត្រាប្តូរប្រាក់របស់ខ្លួន។

គួរបញ្ជាក់ថា កាលពីក្នុងខែមេសា ឆ្នាំ២០១៩ ការតវ៉ាដ៏ធំមួយដឹកនាំដោយកងទ័ពស៊ូដង់ ដើម្បីទម្លាក់លោកប្រធានាធិបតី អូម៉ា អាល់ បាហ្ស៊ឺ (Omar al Bashir) ដែលកាន់តំណែងយូរយាមកហើយនោះ ចេញពីតំណែង។ ប៉ុន្តែសេដ្ឋកិច្ចរបស់ស៊ូដង់ នៅតែកើតមានបញ្ហា ដែលបន្សល់ទុកដោយរដ្ឋបាលរបស់លោក Bashir។ ស៊ូដង់ បានរងទណ្ឌកម្មដោយសារការគាំទ្ររបស់លោក Bashir លើក្រុមឧទ្ទាម។

ចាប់តាំងពីពេលនោះមក ស៊ូដង់នៅតែស្ថិតក្នុងបញ្ជីខ្មៅរបស់សហរដ្ឋអាមេរិកថា ជាប្រទេសដែលគាំទ្រអំពើភេរវកម្ម ហើយបានជំពាក់ប្រាក់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ចំនួន ១.៣ពាន់លានដុល្លារអាមេរិកថែមទៀត ដូច្នេះស៊ូដង់មិនអាចសុំជំនួយគាំទ្រ ពីមូលនិធិរូបិយវត្ថុអន្តរជាតិ និងធនាគារពិភពលោក (World Bank) បានឡើយ។ ធនាគារជាតិស៊ូដង់បាននឹងកំពុងខិតខំប្រឹងប្រែង ដើម្បីបង្កើតទំនាក់ទំនងឡើងវិញ ជាមួយនឹងធនាគារបរទេស ប៉ុន្តែវាកំពុងស្ថិតក្នុងភាពលំបាកលំបិនបំផុត៕