(ហ្សាការតា)៖ ប្រធានាធិបតីឥណ្ឌូណេស៊ីលោក ចូកូ វីដូដូ (Joko Widodo) បានគំរាមបណ្តេញមន្ត្រីយោធា និងប៉ូលិសចេញពីតំណែង ប្រសិនបើពួកគេណាមួយបរាជ័យ ក្នុងការពន្លត់ភ្លើងដែលបាននិងកំពុងឆេះព្រៃយ៉ាងសន្ធោសន្ធៅបំផុត។ នេះបើយោងតាម សារព័ត៌មានចិនស៊ិនហួ ចុះផ្សាយនៅព្រឹកថ្ងៃពុធ ទី០៧ ខែសីហា ឆ្នាំ២០១៩នេះ។
មន្ត្រីជំនាញយោធា និងប៉ូលិសរាប់ពាន់នាក់ ត្រូវបានដាក់ពង្រាយបន្ទាប់ពីខេត្តចំនួន ០៦ ស្ថិតក្នុងកោះចំនួន ០២ គឺកោះស៊ូម៉ាត្រា (Sumatra) និងកោះប័រណេអូ (Borneo) បានប្រកាសពីភាពអាសន្នដោយសារភ្លើងឆេះព្រៃ ដែលត្រូវបានគេមើលឃើញថា កាន់តែរីកធំឡើង និងពិបាកក្នុងការពន្លត់នោះ។
ស្ថិតក្នុងស្ថានការណ៍អាសន្នបែបនេះ មេដឹកនាំឥណ្ឌូណេស៊ីដែលទើបជាប់ឆ្នោតនាអាណត្តិទី ២ លោក ចូកូវី បានថ្លែងសារបែបព្រមានយ៉ាងដូច្នេះថា «ខ្ញុំបានទូរស័ព្ទទៅកាន់មេបញ្ជាការយោធា និងស្នងការប៉ូលិសជាតិដោយបញ្ជាក់ថា នឹងបណ្តេញក្រុមមន្ត្រីនៃអង្គភាពណា ដែលមិនអាចដោះស្រាយបញ្ហាភ្លើងឆេះព្រៃបាន»។
គួរជម្រាបថា ភ្លើងឆេះព្រៃតែងតែកើតមានឡើងជារឿយៗ នៅក្នុងប្រទេសឥណ្ឌូណេស៊ី ដោយសារអ្នកធ្វើការដាំដុះ ដោយប្រើប្រាស់ភ្លើងដើម្បីដុតសម្អាតរុក្ខជាតិងាប់ៗលើដី សម្រាប់ធ្វើការដាំដុះជាថ្មី។ មូលហេតុនេះវាតែងតែធ្វើឲ្យភ្លើងឆេះព្រៃកើតឡើងជាញឹកញាប់ ជាពិសេសនៅក្នុងរដូវប្រាំង ដែលធ្វើឲ្យមានផ្សែងរាលដាលទៅដល់ប្រទេសជិតខាងទៀតផង ដូចជាសិង្ហបុរី និងម៉ាឡេស៊ីជាដើម៕