(ម៉ានីល)៖ ករីណជំងឺគ្រុនឈាម និងការស្លាប់ដោយសារជំងឺនេះបានបន្តកើនឡើងគួរឲ្យព្រួយបារម្ភនៅក្នុងប្រទេសហ្វីលីពីន ធ្វើឲ្យក្រសួងសុខាភិបាលហ្វីលីពីន ប្រកាសនៅថ្ងៃអង្គារនេះពីការផ្ទុះរីករាលដាលជំងឺគ្រុនឈាមនៅទូទាំងប្រទេស, នេះបើយោងតាមសារព័ត៌មានស៊ិនហួរ ផ្សាយឲ្យដឹងនាយប់ថ្ងៃទី៦ ខែសីហានេះ។
ក្រសួងសុខាភិបាលហ្វីលីពីន លោក Francisco Duque បានឲ្យដឹងថា ការប្រកាសនេះគឺដើម្បីអនុញ្ញាតឲ្យរដ្ឋាភិបាលក្នុងតំបន់បង្កើនមូលនិធិឆ្លើយតប ជាពិសេស ឲ្យបានទាន់ពេលវេលា នៅក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគដែលចម្លងដោយសត្វមូសនេះ។
គិតចាប់ពីខែមករា ដល់ថ្ងៃទី២០ ខែកក្កដាឆ្នាំនេះ, ក្រសួងសុខាភិបាលហ្វីលីពីន បានរកឃើញករណីជំងឺគ្រុនឈាមប្រមាណ១៤៦,០០០ករណី នៅទូទាំងប្រទេស ឬក៏កើនឡើង៩៨ភាគរយ ធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០១៨។ ការផ្ទុះជំងឺនេះបានធ្វើឲ្យមនុស្ស៦២២នាក់ស្លាប់។
ករណីជំងឺគ្រុនឈាមនៅហ្វីលីពីន ត្រូវបានគេសង្កេតឃើញថា តែងតែផ្ទុះឡើងខ្លាំងនៅរៀងរាល់៣ទៅ៤ឆ្នាំម្តង។ ការផ្ទុះឡើងខ្លាំងពីពេលមុនបានកើតឡើង នៅឆ្នាំ២០១៦៕