(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ចង់បន្តកិច្ចចរចាពាណិជ្ជកម្មជាមួយ ចិន ហើយរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ក៏នៅតែរក្សាគំរោងទទួលស្វាគមន៍ប្រតិភូចិនសម្រាប់ កិច្ចចរចានៅក្នុងខែកញ្ញានេះដែរ។ នេះបើតាមលោក Larry Kudlow ដកស្រង់ចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី០៦ ខែសីហា ឆ្នាំ២០១៩។
ការអះអាងបែបនេះរបស់លោក Larry Kudlow ដែលជាទីប្រឹក្សាសេដ្ឋកិច្ចជាន់ខ្ពស់របស់លោក ត្រាំ ធ្វើឡើងនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ CNBC នៅថ្ងៃអង្គារនេះ។ លោក Kudlow បានគូសបញ្ជាក់ដូច្នេះថា៖ «លោកប្រធានាធិបតី ត្រាំ ចង់សម្រេចឱ្យបានកិច្ចព្រមព្រៀងមួយ... ហើយវាគឺជាកិច្ចព្រមព្រៀងមួយដ៏ត្រឹមត្រូវ...ដូច្នេះហើយលោកនៅតែចង់បន្តកិច្ចចរចាជាមួយ ចិនដដែល»។
គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ កាលពីសប្ដាហ៍មុន បានប្រកាសថាសហរដ្ឋអាមេរិកនឹងយក ពន្ធ១០ភាគរយ លើផលិតផលនាំចូលពីចិនមានតម្លៃ៣០០ពាន់លានដុល្លារ ហើយការយកពន្ធ នេះនឹងត្រូវចូលជាធរមាននៅថ្ងៃទី០១ ខែកញ្ញា ដោយផលិតផលត្រូវយកពន្ធក្នុងនោះមានចាប់ពី ទូរស័ព្ទដៃស្មាតហ្វូន រហូតដល់សំម្លៀកបំពាក់។
លើសពីនេះទៀត នៅថ្ងៃចន្ទសប្ដាហ៍នេះ ទីក្រុងវ៉ាស៊ីនតោន ក៏បានចាត់ទុកចិនជាប្រទេសបំភ្លៃ រូបិយវត្ថុផងដែរ តាមរយៈការទម្លាក់តម្លៃប្រាក់យ័ន។ ការទម្លាក់តម្លៃប្រាក់យ័ននេះ ត្រូវបាន សហរដ្ឋអាមេរិកចោទថា ចិនមានបំណងកេងចំណេញពាណិជ្ជកម្មពីខ្លួន បើទោះជាទីក្រុងប៉េកាំង បដិសេធក៏ដោយ៕