(ម៉ូស្គូ)៖ យន្ដហោះស៊ើបការណ៍ និងប្រឆាំនាវាមុជទឹករបស់រុស្ស៊ីចំនួន២គ្រឿង បានដឹកនាំ ប្រតិបត្តិការហោះល្បាតក្នុងរយៈពេលជាង១៣ម៉ោង ពីលើតំបន់ដែនទឹកនៃមហាសមុទ្រ ប៉ាស៊ីហ្វិក។ នេះបើតាមយោធារុស្ស៊ី ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃអង្គារ ទី០៦ ខែសីហា ឆ្នាំ២០១៩។
យោធារុស្ស៊ីនៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយនៅថ្ងៃអង្គារនេះ បានបញ្ជាក់ទៀតថា យន្ដហោះ Tu-142 បានដឹកនាំប្រតិបត្តិការហោះល្បាតពីលើតំបន់មហាសមុទ្រប៉ាស៊ីហ្វិក ចាប់ពីតំបន់ដែនទឹកនៃកោះ Aleutian រហូតដល់តំបន់ឆ្នេរនៃរដ្ឋអាឡាស្កា និងកាណាដា។
បន្ថែមពីលើនេះ ក្រៅពីហោះល្បាត Tu-142 ក៏បានដឹកនាំការហ្វឹកហាត់ពីរបៀបចាក់សាំង នៅលើអាកាសផងដែរ ដោយមានការចូលរួមពីយន្ដហោះ Il-78 និងយន្ដហោះចម្បាំង MiG-31BM។
គួរបញ្ជាក់ថា ប្រតិបត្តិការហោះល្បាតរបស់យន្ដហោះយោធារុស្ស៊ី ធ្វើឡើងតែប៉ុន្មានថ្ងៃ ប៉ុណ្ណោះបន្ទាប់ពីសហរដ្ឋអាមេរិក បង្ហើបពីមហិច្ឆិតាដាក់ពង្រាយមីស៊ីលរយៈចំងាយមធ្យម នៅក្នុងតំបន់អាស៊ី ក្រោយទីក្រុងម៉ូស្គូ និងទីក្រុងវ៉ាស៊ីនតោន ដកខ្លួនចេញជាផ្លូវការពី សន្ធិសញ្ញានុយក្លេអ៊ែរ INF៕