(ហុងកុង)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិន Huawei បានប្តឹងទាមទារសំណងពីក្រុមហ៊ុនអាមេរិក Flex Ltd ពីបទរឹបអូសទំនិញរបស់ខ្លួនដែលមានតម្លៃ ៤០០លានយ័ន (៥៧លានដុល្លារអាមេរិក) ខណៈដែលសហរដ្ឋអាមេរិក និងប្រទេសចិនកំពុងតែមានបញ្ហាវិវាទពាណិជ្ជកម្ម រហូតដល់ក្រុមហ៊ុន Huawei ត្រូវធ្លាក់ចូលក្នុងបញ្ជីខ្មៅនោះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាល្ងាចថ្ងៃអង្គារ ទី០៦ ខែសីហា ឆ្នាំ២០១៩។
អ្នកនាំពាក្យក្រុមហ៊ុន Huawei លោក ហ្គូវ ហ្វូលី (Guo Fuli) មិនបានបញ្ជាក់អំពីចំនួនទឹកប្រាក់សំណង ដែលក្រុមហ៊ុនចិននេះប្តឹងទាមទារពីក្រុមហ៊ុន Flex Ltd មានប្រភពពីអាមេរិកនោះឡើយ ប៉ុន្តែបុគ្គលមួយរូបដែលស្និទ្ធនឹងបញ្ហានេះ បានបញ្ជាក់ដោយមិនបញ្ចេញឈ្មោះថា ក្រុមហ៊ុន Huawei បានប្តឹងទាមទារប្រាក់សំណងរហូតដល់ទៅរាប់រយលានយ័ន ឬស្មើនឹងរាប់សិបលានដុល្លារអាមេរិកឯណោះ ពាក់ព័ន្ធនឹងការធ្វើខាតបង់ចំណូល, បាត់បង់គ្រឿងបរិក្ខា និងបញ្ហាដទៃទៀតដែលត្រូវបាន Huawei ចាត់ទុកថាបានធ្វើក្រុមហ៊ុនរងគ្រោះ។
គួរបញ្ជាក់ថា ក្រុមហ៊ុន Flex មានទីស្នាក់ការកណ្តាលនៅក្នុងរដ្ឋកាលីហ្វ័រញ៉ា នៃសហរដ្ឋអាមេរិក។ Flex គឺជាក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូវនិក ធំបំផុតមួយដែរនៅលើពិភពលោក និងជាអ្នកប្រកួតប្រជែងដ៏ធំជាមួយនិងក្រុមហ៊ុន Foxconn របស់កោះតៃវ៉ាន់ នៅក្នុងការផ្តល់កិច្ចសន្យាផលិតផលិតផលស្មាតហ្វូន និងឧបករណ៍ 5G ឲ្យក្រុមហ៊ុនចិន Huawei។ ជុំវិញបញ្ហាអ្នកនាំពាក្យក្រុមហ៊ុន Flex ក៏បានប្រាប់មកកាន់ Reuters ផងដែរថា ខ្លួនបានទទួលដំណឹងនេះហើយ និងកំពុងរៀបចំចេញសេចក្តីថ្លែងការណ៍មួយក្នុងពេលឆាប់ៗ ប៉ុន្តែមិនបានបញ្ជាក់អ្វីបន្ថែមពីនេះឡើយ៕