(ប៉េកាំង)៖ រដ្ឋាភិបាលកណ្តាលចិន នាថ្ងៃអង្គារនេះ បានចេញមុខមកព្រមានក្រុមបាតុករហុងកុងចំៗថា ពួកគេមិនគួរមើលស្រាល កម្លាំងដ៏ធំធេងរបស់ទីក្រុងប៉េកាំងនោះទេ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CNA នាល្ងាចថ្ងៃទី ០៦ ខែសីហា ឆ្នាំ ២០១៩។
ក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងប៉េកាំង លោក យ៉ាង កាង (Yang Guang) ដែលជាអ្នកនាំពាក្យការិយាល័យកិច្ចការហុងកុង និងម៉ាកាវនៃក្រុមប្រឹក្សារដ្ឋចិន ក៏បានថ្លែងក្នុងន័យគម្រាមដល់ក្រុមបាតុករហុងកុង យ៉ាងដូច្នេះដែរថា៖ «អ្នកដែលលេងជាមួយភ្លើងនឹងត្រូវវិនាសដោយសារភ្លើង»។ អ្នកនាំពាក្យដដែលខាងលើ ក៏បានចោទប្រកាន់ក្រុមចលនាប្រឆាំងនឹងអាជ្ញាធរចិនដីគោកថាជា «មេក្លោងនៅពីក្រោយឆាក» ដែលញុះញង់ឱ្យផ្ទុះអំពើហិង្សានៅក្នុងទីក្រុងហុងកុង។
គួរជម្រាបថា ហុងកុងដែលជាអតីតដែនដីស្ថិតក្រោមអណានិគមអង់គ្លេស បានផុងខ្លួនក្នុងវិបត្តិនយោបាយជាងពីរខែមកហើយ ដោយដើមឡើយក្រុមអ្នកតវ៉ា បានចុះផ្លូវធ្វើបាតុកម្មប្រឆាំងនឹងសេចក្តីព្រាងច្បាប់ស្តីពីការធ្វើបត្យាប័នជនសង្ស័យទៅឲ្យអាជ្ញាធរចិនដីគោក។ ប៉ុន្តែក្រោយមក វាបានវិវត្តយ៉ាងលឿនទៅជាចលនាតវ៉ាយ៉ាងទូលំទូលាយសម្រាប់កំណែទម្រង់ប្រជាធិបតេយ្យ និងការការពារសិទ្ធិសេរីភាព ដែលប្រឆាំងនឹងរដ្ឋបាលទីក្រុងកុងហុង៕