Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ជនបរទេសមកពី៣៨ប្រទេស ដែលធ្លាប់ជាន់ដីកូរ៉េខាងជើង មិនអាចចូលមកសហរដ្ឋអាមេរិក ដោយពុំមានទិដ្ឋាការទៀតឡើយ (Video inside)

06-08-2019 13:58

(វ៉ាស៊ីនតោន)៖ នាថ្ងៃចន្ទសប្តាហ៍នេះ (ពេលវេលានៅទីក្រុងវ៉ាស៊ីនតោន) អាជ្ញាធរអាមេរិកបានសម្រេចដកហូតសិទ្ធិចូលមកក្នុង ទឹកដីសហរដ្ឋអាមេរិក ដោយពុំត្រូវការទិដ្ឋាការ សម្រាប់ជនបរទេសទាំងឡាយណា ដែលធ្លាប់ទៅទស្សនកិច្ចនៅ កូរ៉េ ខាងជើង ក្នុងអំឡុងពេល០៨ឆ្នាំចុងក្រោយនេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នៅរសៀលថ្ងៃ អង្គារ ទី០៦ ខែសីហា ឆ្នាំ២០១៩។

នៅក្រោមកម្មវិធីអនុគ្រោះមួយ សហរដ្ឋអាមេរិក អនុញ្ញាតឲ្យពលរដ្ឋមកពីប្រទេសចំនួន៣៨ ក្នុងនោះរួមមានទាំងសិង្ហបុរី ជប៉ុន កូរ៉េខាងត្បូង និងបារាំង ជាដើម អាចចូលមកក្នុងដីអាមេរិកបានរហូតដល់៩០ថ្ងៃ ដោយពុំចាំបាច់មានការស្នើសុំទិដ្ឋាការឡើយ។ ប៉ុន្តែយោងតាមសេចក្តីប្រកាសរបស់អាជ្ញាធរគយ និងការពារព្រំដែនរបស់អាមេរិកនាពេលនេះ សម្រាប់អ្នកដែលធ្លាប់ទស្សនកិច្ច ទៅកាន់ប្រទេសចំនួន០៨ រួមមានទាំងកូរ៉េខាងជើង រាប់ចាប់តាំងពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០១១មក គឺមិនអាចទទួលបានការយោគ យល់នេះឡើយ ដោយពួកគេត្រូវតែធ្វើបែបបទស្នើសុំទិដ្ឋាការ។

កូរ៉េខាងជើង ទើបតែត្រូវបានបន្ថែមពីលើប្រទេស០៧ទៀត ដែលភាគច្រើននៅតំបន់មជ្ឈិមបូព៌ា។ យ៉ាងណាមិញ ចំណាត់ការខាងលើ ច្បាស់ជានឹងប៉ះពាល់ដល់ ក្តី សង្ឃឹមរបស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចេអ៊ីន ដែលចង់ជំរុញលើកកម្ពស់គម្រោងទេសចរណ៍ សម្រាប់ឲ្យប្រជាពល រដ្ឋនៃប្រទេសលោកទៅទស្សនកិច្ចនៅកូរ៉េខាងជើង។

គួរជម្រាបថា សម្រាប់ពលរដ្ឋអាមេរិកផ្ទាល់វិញ ត្រូវបានហាមឃាត់មិនឲ្យធ្វើទស្សនកិច្ចទៅកូរ៉េខាងជើង ចាប់តាំងពីឆ្នាំ២០១៧ បន្ទាប់ពីនិស្សិតអាមេរិកម្នាក់ ដែលជាប់ឃុំឃាំងនៅទីក្រុងព្យុងយ៉ាង ត្រូវបានដោះលែងនិងបញ្ជូនមកប្រទេសកំណើតវិញ ទាំង ស្ថិតក្នុងសភាមិនដឹងខ្លួន ហើយបានបាត់បង់ជីវិត នៅប៉ុន្មានថ្ងៃក្រោយមក៕