(ម៉ាឌ្រីត)៖ មនុស្សម្នាដែលជិះលើយន្តហោះមួយគ្រឿង របស់អាកាសចរណ៍អង់គ្លេស British Airways ត្រូវបានជម្លៀសចេញជាបន្ទាន់ នៅព្រលានយន្តហោះ វ៉ាឡង់សៀ (Valencia) នៃប្រទេសអេស៉្បាញ ក្រោយមានផ្សែងហុយ ពេញក្នុងយន្តហោះ។ នេះបើតាមការដកស្រង់ ការផ្សាយចេញពីសារព័ត៌មាន CNA នៅរសៀលថ្ងៃអង្គារ ទី០៦ ខែសីហា ឆ្នាំ២០១៩។
យោងតាមការបញ្ជាក់ពីក្រុមហ៊ុនអាកាសចរណ៍ British Airways នាថ្ងៃចន្ទសប្តាហ៍នេះ (ពេលវេលានៅអេស៉្បាញ) ឧបទ្ទវហេតុមួយបានកើតឡើងលើយន្តហោះរបស់ខ្លួន ដែលមានជើងហោះហើរ BA422 ធ្វើដំណើរមកពីអាកាសយានដ្ឋាន ហ៊ីស្រ៊ូ (Heathrow) នៃទីក្រុងឡុងដ៍ ឆ្ពោះមកកាន់ទីក្រុង Valencia របស់ អេស៉្បាញ ខណៈមនុស្សទាំងអស់នៅលើយន្តហោះ ត្រូវបានជម្លៀសខ្លួនចេញដោយសុវត្ថិភាព។
គួរជម្រាបថា យន្តហោះខាងលើមានផ្ទុកអ្នកដំណើរ ១៧៥នាក់ បុគ្គលិកបម្រើការលើយន្តហោះ ០៦នាក់ និងអាកាសយានិក ០២នាក់ (សរុប១៨៣នាក់)។ យ៉ាងណាមិញពុំទាន់មានការបញ្ជាក់ថា ហេតុអ្វីបានជាមានផ្សែងហុយពេញក្នុងយន្តហោះ នៅរយៈពេល ១០នាទីចុងក្រោយការហោះហើរបែបនេះឡើយ៕