Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រុស្ស៊ីព្រមានទុកមុនឲ្យហើយ៖ «បើសិនជាអាមេរិកហ៊ានផលិតអាវុធនុយក្លេអ៊ែរថ្មី យើងក៏ផលិតដូចគ្នា» (Video inside)

06-08-2019 10:04

(ម៉ូស្គូ)៖ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានព្រមានថា ទីក្រុងម៉ូស្គូនឹងចាប់ផ្ដើមអភិវឌ្ឍន៍ មីស៊ីលបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែររយៈចំងាយខ្លី និងមធ្យម បើសិនជាសហរដ្ឋអាមេរិក ហ៊ានអភិវឌ្ឍន៍មីស៊ីលប្រភេទនេះមុន។ នេះបើតាមការចេញផ្សាយ​ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃអង្គារ ទី០៦ ខែសីហា ឆ្នាំ២០១៩។

ការព្រមានខាងលើរបស់លោក ពូទីន ធ្វើឡើងនៅក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយនៅ ថ្ងៃចន្ទសប្ដាហ៍នេះ។ សេចក្ដីថ្លែងការណ៍ដដែលបានសង្កត់ធ្ងន់យ៉ាងដូច្នេះថា «បើសិនជារុស្ស៊ីទទួលបានព័ត៌មានច្បាស់ការថា សហរដ្ឋអាមេរិកចាប់ផ្ដើមអភិវឌ្ឍន៍ ឬផលិតមីស៊ីលនុយក្លេអ៊ែររយៈចំងាយខ្លី និងមធ្យមនោះរុស្ស៊ីគ្មានជម្រើសអ្វីផ្សេង ក្រៅតែពីធ្វើដូចសហរដ្ឋអាមេរិកដែរនោះទេ»

បន្ថែមលើនេះ លោកប្រធានាធិបតីរុស្ស៊ីក៏បានចេញបញ្ជាផងដែរ ឱ្យក្រសួងការពារជាតិ និងក្រសួងការបរទេសរុស្ស៊ី តាមដានយ៉ាងយកចិត្តទុកដាក់ ចំពោះសកម្មភាពរបស់សហរដ្ឋអាមេរិក។ សហរដ្ឋអាមេរិក និងរុស្ស៊ីកាលពីថ្ងៃសុក្រសប្ដាហ៍មុន បានដកខ្លួនចេញពីសន្ធិសញ្ញា នុយក្លេអ៊ែរ INF ជាផ្លូវការហើយ បន្ទាប់ពីចោទប្រកាន់ដាក់គ្នាថា បានរំលោភលើសន្ធិសញ្ញានេះ ទៅវិញទៅមកអស់រយៈពេលជាច្រើនខែ។

គួរបញ្ជាក់ថា សន្ធិសញ្ញា INF ត្រូវបានចុះហត្ថលេខាដោយសហរដ្ឋអាមេរិក និងអតីតសហភាពសូវៀតកាលពីឆ្នាំ១៩៨៧ ក្នុងគោលដៅហាមឃាត់ការអភិវឌ្ឍ ឬដាក់ពង្រាយមីស៊ីលនុយក្លេអ៊ែរបាញ់បានចំងាយពី ៥០០-៥,៥០០គីឡួម៉ែត្រ។ ការអត់មាន​សន្ធិសញ្ញា INF វាមានន័យថា មហាអំណាចយោធាកំពូលៗទាំងពីរលើលោកនេះ អាចអភិវឌ្ឍន៍គ្រាប់មីស៊ីល-នុយក្លេអ៊ែរពេលណាក៏បាន និងធ្វើការរត់ប្រណាំងសមត្ថភាព​ដោយសេរីឡើងវិញ ហើយវាជាអ្វីដែលពិភពលោកខ្លាចបំផុត៕