(ឡូសអាន់ជែលឡែស)៖ ក្រុមហ៊ុន Boring របស់លោក អេឡុន ម៉ាសក៍ (Elon Musk) នឹងប្រកាសបើកសម្ពោធសាខារបស់ខ្លួនជាផ្លូវការ នៅក្នុងប្រទេសចិននៅចុងខែសីហានេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅល្ងាចថ្ងៃចន្ទ ទី០៥ ខែសីហា ឆ្នាំ២០១៩។
មហាសេដ្ឋីអាមេរិកលោក Elon Musk និងជានាយកប្រតិបត្តិ (CEO) នៃក្រុមហ៊ុនអវកាសឯកជន SpaceX ប្រកាសទទួលស្គាល់ព័ត៌មានខាងលើ នៅក្នុងសារមួយលើគណនី Twitter និងជាការឆ្លើយតបទៅនឹងព័ត៌មានកន្លងថា លោកនឹងបំពេញដំណើរទស្សនកិច្ចមកកាន់ប្រទេសចិន ដើម្បីចូលរួមសន្និសីទបញ្ញាសប្បនិម្មិត (AI) ពិភពលោកឆ្នាំ២០១៩ (2019 World Artificial Intelligence Conference) ដែលនឹងត្រូវរៀបចំឡើងក្នុងទីក្រុងសៀងហៃ ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ចុងខែសីហានេះ។
លើសពីនេះទៅទៀត លោក Musk ក៏បានទទួលស្គាល់ផងដែរថា លោកនឹងចូលរួមក្នុងសន្និសីទនេះ ជាទីដែលលោកនឹងប្រកាសបើកសម្ពោធសាខាក្រុមហ៊ុន Boring នៅក្នុងប្រទេសចិន កំឡុងដំណើរទស្សនកិច្ចរបស់លោក។ Boring គឺជាក្រុមហ៊ុនមានជំនាញខាងជីកផ្លូវក្រោមដីនៅក្រោមសមុទ្រ និងផ្លូវក្រោមដីនានា ដោយការពីខែធ្នូ ឆ្នាំ២០១៦ ក្រុមហ៊ុនមួយបានជួយដោះស្រាយបញ្ហាកកស្ទះ ចរាចរណ៍ក្នុងទីក្រុងឡូសអាន់ជែលឡែស តាមរយៈផ្លូវក្រោមដីនៃទីក្រុងហរថន (Hawthorne) រដ្ឋកាលីហ្វ័រញ៉ា៕