(បរទេស)៖ អ្នកវិទ្យាសាស្រ្តទើបតែបានឲ្យដឹងថា ផ្ទាំងទឹកកកយក្សនៃកោះគ្រីនឡែនរបស់ប្រទេសដាណឺម៉ាក បានរលាយខ្លាំងបំផុតកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ដែលស្ថិតក្នុងកំឡុងរដូវក្តៅឆ្នាំ២០១៩ នេះតែម្តង។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNN នៅរសៀលថ្ងៃចន្ទ ទី០៥ ខែសីហា ឆ្នាំ២០១៩។
ផ្ទាំងទឹកកកលើលើកោះ Greenland ជាទូទៅរលាយក្នុងរដូវក្តៅជារៀងរាល់ឆ្នាំ ខណៈជាធម្មតាគឺចាប់ផ្តើមនៅខ្ទង់ចុងខែឧសភា ប៉ុន្តែសម្រាប់ឆ្នាំនេះ គឺចាប់ផ្តើមនៅដើមខែឧសភា។ វាបានបន្តរលាយជាប់រហូតមក នៅក្រោមកម្រិតសីតុណ្ហភាពដែលក្តៅជាងរាល់ដង។ កំឡុងខែកក្កដាតែឯងប៉ុណ្ណោះ ផ្ទាំងទឹកកកនៃកោះ Greenland បានបាត់បង់ទឹកកកទម្ងន់ ១៩៧ពាន់លានតោន ខណៈគេរំពឹងថា វានឹងបាត់បង់តែខ្ទង់ចន្លោះ ៦០-៧០ពាន់លានតោនប៉ុណ្ណោះ។
រីឯកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ផ្ទាំងទឹកកកកោះ Greenland បានបាត់បង់ទឹកកកដល់ទៅ ១១ពាន់លានតោន ក្នុងពេលតែមួយថ្ងៃ ដោយវាជាកម្រិតបាត់បង់ច្រើនជាងគេបង្អស់ ក្នុងពេលត្រឹមមួយថ្ងៃ គិតចាប់តាំងតែការកត់ត្រាទុកទិន្នន័យ បានចាប់ផ្តើមកាលពីឆ្នាំ១៩៥០។ បើតាមអ្នកវិទ្យាសាស្រ្ត ការរលាយនៃផ្ទាំងទឹកកកកោះ Greenland ជាទូទៅនឹងបន្តដល់ចុងខែសីហារាល់ឆ្នាំ។
គួរជម្រាបថា ផ្ទាំងទឹកកកនៃកោះ Greenland មានទំហំ ១.៧លានគីឡូម៉ែត្រក្រឡា ដែលស្មើនឹង ៨០ភាគរយនៃផ្ទៃកោះដ៏ធំនេះ ហើយវាមានកម្រាស់ ២,០០០-៣,០០០ម៉ែត្រ និងជាផ្ទាំងកកយក្សធំជាងគេទីពីរនៅលើពិភពលោក បន្ទាប់ពីផ្ទាំងទឹកកកនៅទ្វីបអង់តាក់ទិក៕