Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាមេរិកចាត់ទុកការបាញ់ប្រហារស្លាប់២០នាក់ «ជាអំពើភេរវកម្មក្នុងស្រុក» ខណៈរដ្ឋបាល ត្រាំ កំពុងរងសម្ពាធពាក់ព័ន្ធសមត្ថភាពគ្រប់គ្រងកាំភ្លើង

05-08-2019 15:47

(តិចសាស់)៖ អាជ្ញាធរអាមេរិក បានចាត់ទុកការបាញ់សម្លាប់មនុស្ស ២០នាក់នៅឯផ្សារទំនើប វ៉លម៉ាត (Walmart) ក្នុងទីក្រុងអ៊ែលផាសូ (El Paso) នៃរដ្ឋតិចសាស់ កាលពីចុងសប្ដាហ៍កន្លងទៅ គឺជាករណីភេរវកម្មនៅក្នុងស្រុក ខណៈសំនួរអំពីសមត្ថភាពទប់ស្កាត់ ការប្រើកាំភ្លើងបាញ់ប្រហារគ្នាយ៉ាងអាណាធិបតេយ្យ កំពុងធ្លាក់ទៅលើរដ្ឋបាលលោក ដូណាល់ ត្រាំ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃចន្ទ ទី០៥ ខែសីហា ឆ្នាំ២០១៩។

ជុំវិញការស៊ើបអង្កេតនេះដែរ ប៉ូលិសអាមេរិក FBI ក៏បានបង្ហាញក្ដីព្រួយបារម្ភផងដែរ ដោយខា្លចក្រែងការបាញ់ប្រហារនេះ ក្លាយជាទៅជាគំរូនៃអំពើហិង្សារើសអើងពូជសាសន៍ ខណៈមានសេចក្ដីរាយការណ៍ថា ខ្មាន់កាំភ្លើងនៃរដ្ឋតិចសាស់ទំនងជាបានយកគំរូតាម ការបាញ់សម្លាប់មនុស្ស ៥០នាក់នៅទីក្រុងក្រៃស៍ឆឺច (Christchurch) នៃប្រទេសនូវែលសេឡង់កាលពីខែមីនា។

ទោះបីជាយ៉ាងណារហូតមកទល់នឹងពេលនេះ គេមិនទាន់អាចបញ្ជាក់បានឡើយ ពីមូលហេតុ នៃការបាញ់សម្លាប់មនុស្សយ៉ាងរង្គាល នៅក្នុងរដ្ឋតិចសាស់ កាលពីល្ងាចថ្ងៃសៅរ៍សប្តាហ៍មុន ស្របពេលអាជ្ញាធរអាមេរិក កំពុងព្យាយាមស្វែងរកហេតុផល ដែលជំរុញឱ្យខ្មាន់កាំភ្លើងធ្វើដំណើរ រាប់រយគីឡូម៉ែត្រពីទីក្រុង អាលឡេន (Allen) ដើម្បីអនុវត្តន៍ការវាយប្រហាររបស់ខ្លួនក្នុងទីក្រុង El Paso បែបនេះ។

គួរបញ្ជាក់ថា បច្ចុប្បន្នក្រុមរដ្ឋអាជ្ញាអាមេរិក កំពុងស្វែងរកការផ្តន្ទាទោសប្រហារជីវិត លើជនសង្ស័យឈ្មោះ ផាទ្រីក គ្រួសឹស (Patrick Crusius) មានអាយុ ២១ឆ្នាំមកពីទីក្រុង Allen នៃរដ្ឋតិចសាស់ ដែលបាញ់សម្លាប់មនុស្ស ២០នាក់ និងបង្ករបួសជាច្រើននាក់ក្នុងទីក្រុង El Paso។ ក្រោយការបាញ់ប្រហារនេះកើតឡើងមិនដល់ ២៤ម៉ោងផងនោះមនុស្ស ១០នាក់ រួមទាំងខ្មាន់កាំភ្លើង បានស្លាប់ក្នុងការបាញ់ប្រហារមួយដាច់ដោយឡែកផ្សេងទៀត ក្នុងទីក្រុងដេយតុន (Dayton) នៃរដ្ឋអូហៃយ៉ូ (Ohio) កាលពីថ្ងៃអាទិត្យ៕