Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទោះបីសង្គ្រាមពាណិជ្ជកម្មខ្មៅងងឹតយ៉ាងណាក៏ដោយ ប្រទេសកាណាដានៅតែត្រូវការ 5G របស់ Huawei ដដែល

05-08-2019 12:56

(កាណាដា)៖ ថ្មីៗនេះសារព័ត៌មានអាមេរិក Washington Times បានរាយការណ៍ថា កាណាដាបានប្រកាសផ្អាកការសម្រេចចិត្តថាគួរ ឬមិនគួរហាមក្រុមហ៊ុនបច្ចេកវិទ្យាចិន Huawei មិនឲ្យចូលរួមពាក់ព័ន្ធក្នុងការសាងសង់បណ្តាញសេវា 5G នៅក្នុងប្រទេសខ្លួនទៀតហើយ ដោយប្រការនេះបង្ហាញថា ទីក្រុងអូតាវ៉ានៅតែចង់ស្វាគមន៍ Huawei ដើម្បីសហការអភិវឌ្ឍន៍ប្រព័ន្ធសេវាជំនាន់ថ្មីនេះដដែល។ នេះបើតាមការ ដកស្រង់ការផ្សាយចេញពី​សារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃចន្ទ ទី០៥ ខែសីហា ឆ្នាំ២០១៩។

យោងតាមប្រភពខាងលើ កាណាដាដែលក្នុងនាមជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធ និងជាអ្នកជិតខាងកៀកបង្កើយរបស់សហរដ្ឋអាមេរិក មកទល់ពេលនេះនៅតែមិនទាន់សម្រេចចិត្តឲ្យច្បាស់នោះឡើយថា ខ្លួននឹងហាមក្រុមហ៊ុន Huawei មិនឲ្យចូលពាក់ព័ន្ធគម្រោងអភិវឌ្ឍន៍ប្រព័ន្ធសេវា 5G នៅក្នុងប្រទេសអាមេរិកខាងជើងនេះដែរឬយ៉ាងណា តាមការកៀកសង្កត់របស់អាមេរិក។ ទន្ទឹមនឹងនេះក៏មានការសង្ស័យថា កិច្ចសន្យា 5G ត្រូវបានប្រគល់ឲ្យក្រុមហ៊ុន Huawei រួចស្រេចទៅហើយដែរ។

គួរជម្រាបថា ទំនាក់ទំនងរវាងប្រទេសទាំងពីរបានជួបភាពល្អក់កករ បន្ទាប់ពីអាជ្ញាធរកាណាដា បានចាប់ខ្លួននាយកផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Huawei គឺលោកស្រី ម៉េង វ៉ានចូវ (Meng Wanzhou)។ បច្ចុប្បន្នលោកស្រី កំពុងស្ថិតក្រោមការឃុំឃាំងក្នុងផ្ទះនៅកាណាដា និងប្រឈមមុខការស្នើធ្វើបត្យាប័ន​ពីសំណាក់សហរដ្ឋអាមេរិក។ ក្រោយការចាប់ខ្លួនលោកស្រី អាជ្ញាធរចិនក៏បានចាប់ខ្លួនជនជាតិ កាណាដាពីរនាក់វិញ។ បញ្ហានេះបានរាលដាលបង្កឲ្យមានភាពរកាំរកូសក្នុងវិស័យនាំចេញ និងនាំចូលផលិតផលរវាងប្រទេសទាំងពីរថែមទៀត៕