(ហុងកុង)៖ ចំនួនជើងហោះហើរកើនឡើងដល់ជាង ២០០ ដែលត្រូវបានលុបចោលនៅទីក្រុងហុងកុង រហូតមកដល់ព្រឹកថ្ងៃចន្ទនេះ ដោយក្រុមអាជ្ញាធរព្រមានពីការរំខានទ្រង់ទ្រាយដល់អ្នកដំណើរ ខណៈក្រុម បាតុករកំពុងដឹកនាំបាតុកម្មតវ៉ាកាន់តែខ្លាំងក្លា ប្រឆាំងនឹងរដ្ឋាភិបាលទីក្រុងហុងកុង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃចន្ទ ទី០៥ ខែសីហា ឆ្នាំ២០១៩។
អាជ្ញាធរអាកាសយានដ្ឋានក្រុងហុងកុង មិនបានបញ្ជាក់លម្អិតពីមូលហេតុនៃការលុបចោល ជើងហោះហើរនេះទេ ដោយគ្រាន់តែជូនដំណឹងឱ្យអ្នកដំណើរទាំងអស់ត្រួតពិនិត្យ ជើងហោះហើររបស់ពួកគេឡើងវិញ។
គួរជម្រាបថា នៅព្រឹកថ្ងៃចន្ទនេះដែរ ក្រុមបាតុករបាននាំគ្នាធ្វើបាតុកម្មតវ៉ាជាថ្មីប្រឆាំង នឹងរដ្ឋាភិបាលទីក្រុងហុងកុងរបស់លោកស្រី ខារី ឡាំ (Carrie Lam) ដែលពួកគេកំពុងទាមទារ ឱ្យចុះចេញតំណែង។ បាតុកម្មតវ៉ានេះបង្កការរំខានយ៉ាងខ្លាំងដល់សេវាកម្មដឹកជញ្ជូន នានាជាពិសេសនៅឯស្ថានីយរថភ្លើងតែម្ដង៕